ព័ត៌មានទាន់ហេតុការណ៍៖

Inter Milan សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ពី Chelsea

ចែករំលែក៖

ក្លិបយក្សអ៊ីតាលី Inter Milan ចង់នាំយកខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea មកក្លិបវិញនៅរដូវក្តៅនេះ។ Lukaku វ័យ៣០ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងជាមួយ Inter ពី Chelsea។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានស៊ុតបញ្ចូលទីបាន១៤គ្រាប់ក្នុងការជួយ Inter បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Serie A និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ។ការចរចាដែលកំពុងបន្តជាមួយ Manchester United លើអ្នកចាំទី Andre Onana អាចជួយ Inter បង្កើនហិរញ្ញវត្ថុដើម្បីនាំយក Lukaku ត្រឡប់ទៅ San Siro វិញជាអចិន្ត្រៃយ៍។ Chelsea ត្រូវបានគេគិតថា ចង់បាន៤០លានផោនសម្រាប់ Lukaku ដោយ Inter កំពុងតែស្វែងរក៥០លានផោនពី United សម្រាប់ Onana ដែលក្លិប Old Trafford ជឿថាច្រើនពេក។

ជាមួយនឹង David de Gea បានចាកចេញ លោក Erik ten Hag មានបំណងចង់ចុះហត្ថលេខាលើអ្នកចាំទីអន្តរជាតិកាមេរូន Onana មុនពេលពួកគេធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមានកម្មវិធីចំនួន៤ប្រកួតនៅសប្តាហ៍ក្រោយ។ រីឯ Chelsea ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​សប្តាហ៍​ក្រោយ​ដែរ បើ​ទោះ​ជា​គេ​មិន​ដឹង​ថា Lukaku នឹង​ស្ថិត​ក្នុង​ក្រុម​ធ្វើ​ដំណើរ​របស់លោក Mauricio Pochettino ឬ​យ៉ាង​ណា?

Inter Milan ដំបូងបានចុះហត្ថលេខាលើ Lukaku ពី Manchester United នៅរដូវក្តៅឆ្នាំ២០១៩ ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប៨០លានអឺរ៉ូលើកិច្ចសន្យារយៈពេល៥ឆ្នាំ។

បន្ទាប់ពីស៊ុតបញ្ចូលទីបាន៦៤គ្រាប់ក្នុងការបង្ហាញខ្លួន៩៥ដងក្នុងរយៈពេល២រដូវកាល Chelsea បានចុះហត្ថលេខាលើគាត់ក្នុងតម្លៃ៩៧.៥ លានផោនក្នុងខែសីហា ឆ្នាំ២០២១ ដោយសង្ឃឹមថា គាត់អាចឈានដល់កម្រិតខ្ពស់ជាងការលេងពីមុនរបស់គាត់នៅឯកីឡដ្ឋាន Stamford Bridge ចន្លោះឆ្នាំ២០១១ និង២០១៤ នៅពេលដែលគាត់ខកខានរកគ្រាប់បាល់ក្នុង១៥ប្រកួត។

ខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមត្រឹមតែ១៦ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវក្នុងឆ្នាំ២០២១-២០២២ ក្រោមការដឹកនាំរបស់លោកThomas Tuchel ហើយបានត្រឡប់ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុន ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖