ខេត្តសៀមរាប៖ សមត្ថកិច្ចស្នងការដ្ឋាន នគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានអោយដឹងថា : នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៣០នាទី មានករណី ហិង្សាដោយចេតនា (កាប់និងកាំបិតបុ័ងតោ) នៅត្រង់ចំណុចលើចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ អ៊ួក ភាន់ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់:
១.ឈ្មោះ ឆេង កក្កដា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
២.ឈ្មោះ សុះ សំអាន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្រែធ្នង់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ជនរងគ្រោះនឹងកាំបិតបុ័ងតោចំនួន ០១ កាំបិត (ចំកញ្ចឹងកខាងក្រោយ ផ្នែកខាងឆ្វេង) ពិតប្រាកដមែន ដោយខឹងជនរងគ្រោះធ្លាប់ឈ្លោះគ្នាជាមួយពួកខ្លួនពីមុន ។
វត្ថុតាងដកហូតរួមមាន ៖
-កាំបិតបុ័ងតោចំនួន ០១ ប្រវែង ៣២ សង់ទីម៉ែត្រ
-ម៉ូតូជិះធ្វើសកម្មភាពចំនួន ០១គ្រឿង ។
ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ដោយ ៖ សហការី