ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសំណាក់សារព័ត៌មានបរទេសខេមបូឌាដេលី។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់យ៉ាងដូច្នេះថា៖ «កន្លងមកនេះ ខេមបូឌាដេលី បានផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុកនូវព័ត៌មានមិនពិត ដែលមានចរិតនយោបាយ ប្រឌិត មួលបង្កាច់ អំពីស្ថានការណ៍កម្ពុជា មួលបង្កាច់មកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងគ្រួសាររបស់សម្ដេច។
* កាសែតមួយនេះ បានមួលបង្កាច់ បំភ័ន្ត អំពីស្ថានភាពគ្រឿងញៀននៅកម្ពុជា ហើយធ្វើមិនឃើញ មិនដឹងមិនឮអំពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សហប្រតិបត្តិអន្តរជាតិ យ៉ាងជិតស្និទ្ធពីបណ្ដាប្រទេស ក្នុងការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមផែនការយុទ្ធនាការរបស់រាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យ ទទួលបានការអបអរសាទរ ការគាំទ្រ ការសហការ ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
* គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ ដែលតែងតែប្រឌិត មួលបង្កាច់ ចោទប្រកាន់ លាបពណ៌ដល់សម្ដេចតេជោ និងគ្រួសារ ក្នុងគោលបំណងបង្ខូចកិត្តិយសវិរបុរស សន្តិភាព ស្នេហាជាតិ ជាម្លប់ដឹកនាំជាតិ និងប្រជាជនកម្ពុជា។
* ឧបាយកលខ្មៅកខ្វក់របស់កាសែតខេមបូឌាដេលីនេះ មិនអាចបំភ័ន្ត បិទបាំងការពិត បន្ថយជំនឿជឿជាក់ គោរពស្រឡាញ់ចំពោះសម្ដេចតេជោ និងគ្រួសាររបស់សម្ដេច ពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានឡើយ។
* ការផ្សព្វផ្សាយរបស់កាសែតថោកទាបមួយនេះ គ្រាន់តែបានបង្ហាញដល់មហាជនជាតិ អន្តរជាតិ ឲ្យឃើញកាន់តែច្បាស់ពីមហិច្ឆតា ឧបាយកលអមិត្ត បង្កការញុះញង់ បង្កអសន្តិសុខសង្គម បំផ្លិចបំផ្លាញខឿនសន្តិភាព បង្អាក់ដំណើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជាតែប៉ុណ្ណោះ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ទៀតថា កាសែតមួយនេះ គួររៀនសូត្រឡើងវិញពីវិជ្ជាជីវៈសារព័ត៌មាន សីលធម៌ ហើយត្រូវយកខួរក្បាលគិតពិចារណា កុំធ្វើតាមតែការញុះញង់ បញ្ជាល្ងឹតល្ងង់របស់ចៅហ្វាយ នាយអមិត្តដូចពេលនេះ»៕
ប្រភព ៖ អគ្គស្នងការនគរបាលជាតិ