ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបោះឆ្នោតនាយករដ្ឋមន្ត្រីថៃ លោក ភីថា ខ្វះ៥២សំឡេងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០របស់ថៃ

ចែករំលែក៖

លោកភីថា មកពីគណបក្ស Move Forward ត្រូវការសំឡេងគាំទ្រ យ៉ាងតិច ៣៧៥សំឡេងដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ ប៉ុន្តែ លោកទទួលបានសំឡេងគាំទ្រតែ ៣២៣ប៉ុណ្ណោះ ពីរដ្ឋសភា និងព្រឹទ្ធសភា ។
ការបោះឆ្នោតជុំទីពីរនឹងត្រូវធ្វើឡើងនៅរដ្ឋសភាថៃ នាថ្ងៃទី ១៩ខែកក្កដា ដោយសារតែបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់មិនទទួលបានសំឡេងគាំទ្រ គ្រប់គ្រាន់ក្នុងការបោះឆ្នោតជុំទីមួយ។ ប្រសិនបើការបោះឆ្នោតជុំទីពីរ នៅតែមិនមានការគាំទ្រគ្រប់គ្រាន់នឹងត្រូវបោះឆ្នោតជុំទីបី នៅថ្ងៃទី ២០ខែកក្កដា។
តំណាងរាស្រ្តថៃសរុប ៦៧៦នាក់ ក្នុង៧៤៩នាក់ (សមាជិកព្រឹទ្ធសភាម្នាក់លាលែងពីតំណែង) បានចូលរួមក្នុងសម័យប្រជុំនេះ ហើយក្នុងនោះមានសមាជិកព្រឹទ្ធសភា ២១៦នាក់។
ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីបានបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។

នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ The Nation Thailand)


ចែករំលែក៖