ខេត្តព្រះវិហារ ៖ វត្តរអាងថ្មបីដុំ ជាវត្តមួយ ដែលស្ថិតនៅលើភ្នំត្បែង ក៏ជាតំបន់កម្សាន្ដប្លែកអារម្មណ៍មួយបែប ដែលផ្ដល់ជូននូវជីវិត ផ្សាភ្ជាប់ និងធម្មជាតិសុទ្ធសាធបាននិងកំពុងពួនលាក់ខ្លួន លាក់សម្រស់ នៅកណ្ដាលព្រៃព្រឹក្សា នៅលើភ្នំត្បែង នៃស្រុកភ្នំត្បែងមានជ័យ ទឹកដីខេត្តព្រះវិហារ។
វត្តរអាងថ្មបីដុំនេះ មិនសូវមានអ្នកផងឯនាយ មិនសូវបានស្គាល់នោះឡើយ។
ដើម្បីទៅដល់ទីនោះ អ្នកទាំងអស់គ្នា អាចធ្វើដំណើរតាមផ្លូវជាតិ លេខ៦A ហួសទីរួមខេត្តកំពង់ធំបន្តិច បន្ទាប់មក ធ្វើដំណើរតាមផ្លូវលេខ ៦២ ឆ្ពោះទៅខេត្តព្រះវិហារ ក្នុងរយៈចម្ងាយ ប្រមាណជាង ២៨៩គីឡូមែត្រពីរាជធានីភ្នំពេញ និងចម្ងាយប្រមាណ ជាង១០ គីឡូមែត្រពី ទីរួមខេត្តព្រះវិហារ។ នៅតាមផ្លូវធ្វើដំណើរ មុនទៅដល់វត្តនេះ លោកអ្នកអាចទស្សនា ចំការដំណាំដំឡូង និងដំណាំហូបផ្លែច្រើនប្រភេទ អមសងខាងផ្លូវ លាយឡំនឹងសម្លេងបក្សាបក្សីយំល្វើយៗ ជាមួយធម្មជាតិពណ៌បៃតងខ្ចី គួរជាទីមនោរម្យ។
ចំពោះស្ថានភាពផ្លូវធ្វើដំណើរ ៖ លោកអ្នកអាចប្រើយាន ជំនិះផ្ទាល់ខ្លួន ឡាន ម៉ូតូ ទៅដល់ជើងភ្នំ បន្ទាប់មក ធ្វើ ដំណើរដោយថ្មើរជើងឡើងតាមជណ្ដើរបេតុទៅដល់លើភ្នំ មានបងប្អូនប្រជានជន ក៏ដូចជាប្រជាការពាររង់ចាំទទួលយ៉ាងរួសរាយរាក់ទាក់។ ពេលទៅដល់លើភ្នំ លោក អ្នក ក៏អាចជួលម៉ូតូ ឬគោយន្ដ បន្ដដំណើរទៅកាន់វត្ត រអាងថ្មបីដុំនេះបាន ជាមួយតម្លៃសេវាយ៉ាងសមរម្យបំផុត៕
ដោយ៖ សូរិយា