ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជា១២នាក់ ត្រូវបានបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានអាការ:ក្អួតចង្អោរជាបន្តបន្ទាប់ ក្រោយពីប្រជាពលរដ្ឋទាំងនោះនាំគ្នាទទួលទាន មីឆាដែលលក់នៅតាមភូមិ ។
ហេតុការណ៍ពុលអាហារនេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រងផ្តិល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងជិត៥ល្ងាច ប្រជាពលរដ្ឋនៅក្នុងភូមិនេះបាននាំគ្នាទិញ មីឆា ដែលតែងតែលក់នៅតាមភូមិ ក្រោយពីទទួលបានប្រហែល ប្រមាណជាង១ម៉ោង ប្រជាពលរដ្ឋទាំងនោះចាប់ផ្តើមមានអាការៈក្អួតចង្អោរជាបន្តបន្ទាប់ និងបានដឹកយកទៅសង្រ្គោះមណ្ឌលសុខភាព និង បានដឹកមកសង្រ្គោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
បើតាមការសន្និដ្ឋានបឋមជំហានដំបូង របស់ក្រុមគ្រូពេទ្យបានឱ្យដឹងថា ករណីពុលអាហារនេះ អាចបណ្តាល មកពីសរសៃមី ព្រោះថាបើសិនបើជាការពុលដោយមេរោគមានរយៈពេលយូរជាងនេះ ប៉ុន្តែនេះក្រោយពីបរិភោគតែជាកន្លះម៉ោងតែប៉ុណ្ណោះបង្កឱ្យប្រជាពលរដ្ឋពុល ។ អ្នករងគ្រោះចំនួន១២នាក់ ស្រី ៥ នាក់ ចាប់ពីអាយុ១៨ខែ ដល់៦៥ ឆ្នាំ សុទ្ធតែបានបរិភោគមីឆា(មីដុំសរសៃមូល)ដែលលក់ដោយអ្នកលក់តែម្នាក់ដូចគ្នា។
ភ្លាមៗនោះផងដែរ លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល រួមដំណើរដោយ លោកស្រី ប៊ន សុភី និង លោកយិន សាវ៉េន អភិបាលរងខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមពិនិត្យ ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះពុលអាហារនេះផងដែរ ។
រហូតមដល់និងពេលព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋទាំង១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយមានអាការៈធូស្បើយខ្លះហើយ ក្រោយពីក្រុមគ្រូពេទ្យបានជួយសង្រ្គោះ៕
ដោយ ៖ ចន្ថា