ភ្នំពេញ ៖ ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសំរាប់បំប៉នសុខភាព ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួនដូចជា សារធាតុ 5α cyprinol sulfate ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
ក) ប្រភេទត្រីមានប្រម៉ាត់ពុល៖
ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ:
– ប្រម៉ាត់ត្រីក្អែក
– ប្រម៉ាត់ត្រីត្រសក់
ខ) រោគសញ្ញា៖
កម្រិតនៃការពុលអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលតំរងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម (ពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម)។
គ) ការព្យាបាល៖
រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីអាចមានអាការៈពុលដល់តម្រងនោម ដែលមានសភាពធ្ងន់ធ្ងររហូតទាមទារអោយមានការព្យាបាលដោយលាងឈាម (Hemodialysis)។ រយៈពេលកន្លងមក មន្ទីរពេទ្យកាល់ម៉ែតបានទទួលព្យាបាលអ្នកជំងឺពុលប្រម៉ាត់ត្រីជាច្រើនករណីអោយជាសះស្បើយដោយជោគជ័យ។
ប្រសិនបើលោកអ្នកមានអាការៈឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ ដោយសារការពុលប្រម៉ាត់ត្រី សូមអញ្ជើញមកជួបគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីព្យាបាលឲ្យទាន់ពេលវេលា និងជៀសវាងការបរិភោគប្រម៉ាត់ត្រី។ នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត#calmettehospital ៕
ដោយ ៖ សហការី