ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីលួចកាបូបប្រាក់និងសម្ភារ:ផ្សេងៗ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍មន្ត្រីសមត្តកិច្ចជំនាញក្រុងប៉ៃលិនផ្ដល់មកឱ្យដឹងថា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹងករណីលួចមានស្ថានទម្ងន់ទោសចំនួន០១ករណី ពីជនរងគ្រោះឈ្មោះ ហ៊ុល សុីណាត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ 

-កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២និង៣០នាទីទៀបភ្លឺ មានជនមិនស្គាល់អត្តសញ្ញាណបានចូលលួច ដូចខាងក្រោម៖

១-ចូលលួចកាបូបប្រាក់រួមមានប្រាក់ចំនួន៧០០,០០០រៀល(ប្រាំពីរសែនរៀលគត់)។

២-ទូរស័ព្ទដៃម៉ាកIPhone 7Plus ចំនួន ០១គ្រឿង។

៣-ប័ណ្ណបេីកបររថយន្ត ចំនួន០១សន្លឹក។

៤-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក។

៥-កាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក។

-ក្រោយទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលសង្កាត់អអូរតាវ៉ៅ ក្រុងប៉ៃលិន បានធ្វេីការស៊ើបអង្កេតនិងស្រាវជ្រាវរហូតឈានដល់នាំខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដេីម្បីសាកសួរ មានឈ្មោះដូចខាងក្រោម ៖

ទី១-ឈ្មោះ សាំង វិសឿ ហៅ សុី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ទី២-ឈ្មោះ រិន ចំរេីន ហៅ រ៉យ ភេទប្រុស ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បើតាមមន្ត្រីសមត្ថកិច្ចជំនាញបានបន្តថា÷ករណីនេះក្រោយពី ធ្វើការសាកសួរជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានលួចកាបូបលុយទូរស័ព្ទដៃ និងសម្ភារ:ខាងលេីពិតប្រាកដមែន។

សមត្ថកិច្ចជំនាញបានបន្តទៀតថា÷-ក្រៅពីនេះជនសង្ស័យក៏បានសារភាពថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ ចំនួន ០៣ករណីផ្សេងទៀត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានដូចខាងក្រោម ៖

១-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ និង ជនសង្ស័យឈ្មោះ រិន ចំរើន ហៅ រ៉យ បានធ្វើសកម្មភាពភាពឆក់ទូរស័ព្ទដៃ ម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង ពីស្រ្តីម្នាក់ដែលកំពង់ជិះម៉ូតូតាមផ្លូវជាតិលេខ៥៧ នៅចំណុចក្បែរផ្លូវចូលទៅវត្តអូររអិល ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសម្រេច។ 

២-ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ ហៅ សុី និង ជនសង្ស័យឈ្មោះ រិន ចំរេីន ហៅ រ៉យ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ ចំនួន០១គ្រឿង ម៉ាក IPhone 11promax ពណ៌ទឹកមាស ពីស្រ្តី០២នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវជាតិលេខ៥៧ នៅចំណុចជិតសាលាបឋមសិក្សាបឹងព្រលឹត ស្ថិតនៅភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសម្រេច។

៣-ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សាំង វិសឿ និងជនសង្ស័យឈ្មោះ រិន ចំរេីន ហៅ រ៉យ បានធ្វើសកម្មភាពឆក់កាបូបលុយពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ នៅចំណុចផ្លូវចូលអាហារដ្ឋានបឹងបៃតង ស្ថិតនៅភូមិអូរឈេីក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រាក់ ចំនួន២៣០០បាត(ពីរពាន់បីរយបាតគត់)និងសៀវភៅការងារជនបរទេសចំនួន០១សន្លឹក។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន សួរនាំរួច-វត្ថុតាងត្រូវបានដកហូតសរុបរួមមាន៖

១-ម៉ូតូរបស់ឈ្មោះ រិន ចំរើន ហៅរ៉យ ភេទប្រុស អាយុ១៧ឆ្នាំ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ផ្លាកលេខប៉ៃលិន1D-8974 ០១គ្រឿង(ម៉ូតូសម្រាប់ធ្វេីសកម្មភាពកន្លងមក)។ 

២-កាបូបប្រាក់ចំនួន០២។

៣-ប័ណ្ណបេីកបររថយន្ត ចំនួន០១សន្លឹក។

៤-កាតគ្រីរថយន្ត ចំនួន០១សន្លឹក។

៥-កាតចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន០១សន្លឹក។

៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក។

៧-សៀវភៅការងារជនបរទេស ចំនួន០១សន្លឹក។ 

-យោងពាក្យបណ្តឹងរបស់ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។

-ក្រោយពីការស៊ើបអង្កេត និងសាកសួរជនសង្ស័យទាំង០២នាក់ ខាងលើជាមុខសញ្ញាសកម្ម ពាក់ព័ន្ធនឹងករណីលួច ឆក់ ជាច្រើនករណី។

-ករណីខាងលើនេះ លោកអធិការក្រុងប៉ៃលិនបានស្នើសុំយោបល់លោក ស្នងការ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖