ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី អនុប្រធានទី១នៃក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ស្ពឺ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយ ឃុំ ស្រុក ខេត្ត និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំស្គុះ ជាច្រើននាក់។
ក្នុងជំនួបឱកាសនោះលោកហ៊ុន ម៉ានី មានប្រសាសន៍ រំឮកពីឯកសារ និងចំណុចមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋគប្បីត្រៀមដើម្បីឆ្ពោះទៅកាន់ថ្ងៃបោះឆ្នោតក្នុងនោះរួមមាន (១) ឯកសារដែលត្រូវកាន់យកទៅបោះ ឆ្នោត មានតែពីរគត់គឺ អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ (អ.ខ) ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះ ឆ្នោត (ឯ. អ) (២) ព័ត៌មានពាក់ព័ន្ធ ដូចជាពេលវេលា ថ្ងៃត្រូវបោះឆ្នោត រួមទាំងអ្វីដែលត្រូវហាមឃាត់មិនអាចចូលបោះឆ្នោតបានជាដើម (៣) សូមបងប្អូនប្រជាពល រដ្ឋរៀនគូសសន្លឹកឆ្នោតគំរូឱ្យបានទាំងអស់គ្នា។
លោកបានគូសបញ្ជាក់ថា រយៈពេល ៤៤ ឆ្នាំក្រោយនេះ តាមការដឹកនាំរបស់គណបក្សប្រជាជន «កម្ពុជាបច្ចុប្បន្នមិនមែនកម្ពុជា ក្នុងអតីតកាលនោះទេ» ។ ការចាប់ផ្តើមពីបាតដៃទទេរ រហូតមកយើងមានសមត្ថភាពដឹកនាំកិច្ចប្រជុំធំៗ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ។ ជាមួយគ្នានេះលោកសូមចូលរួមអបអរសាទរអ្នកខេត្តកំពង់ស្ពឺ ដែលបានឈ្នះមេដាយ កាលពីការប្រកួតកីឡាស៊ីហ្គេមកន្លងទៅផងដែរ។ទន្ទឹមនឹងនេះលោកបានគូស បញ្ជាក់ផងដែរថា ស្របជាមួយកម្មវិធីនយោបាយរបស់បក្ស ខេត្តកំពង់ស្ពឺជាខេត្រទី ២ ដែលមានរោងចក្រច្រើន និងបង្កើតឱកាសការងារច្រើនជាងគេ ដែលបងប្អូនកម្មករ កម្មការិនីអាចទទួលបានប្រាក់ចំណូល និងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបការងារផងដែរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនាព្រឹកនេះលោកតំណាងរាស្ត្រ បានអញ្ជើញលោកយាយ លោកតា ពុក ម៉ែ មាមីង បង ប្អូនទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកតំណាងរាស្ត្រ ក៏បានបញ្ជាក់ផងដែរថា «ការបោះឆ្នោត ១ សន្លឹកជូនគណបក្សប្រជាជន គឺធានានូវ អ្វីដែលយើងមានរាល់ថ្ងៃ និងការពារអត្ថប្រយោជន៍ របស់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នា»។ សូមបងប្អូនចេញទៅបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ឱ្យបានគ្រប់ៗគ្នា៕
ដោយ៖ សូរិយា