ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចម៉ែន សំអន ថ្លែងថា គ្រប់គណបក្សនយោបាយដែលកំពុងឃោសនារកការគាំទ្រគណបក្សរបស់ខ្លួន គឺប្រព្រឹត្តទៅបានក្រោមម្លប់នៃសុខសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តស្វាយរៀង៖ ថ្ងៃទី១៦ ឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានិងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស ១.២០០នាក់ នៅឃុំពងទឹក ស្រុករំដួល និង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចបណ្ឌិត ម៉ែន សំអន បានថ្លែងគូសបញ្ជាក់ថា សមាជិក សមាជិកា ត្រូវជឿជាក់លើគណបក្សប្រជាជន និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន គឺបន្តអភិវឌ្ឍន៍ប្រទេស។  ចំណែកឯគណបក្សនយោបាយទាំង ១៨ ដែលកំពុងធ្វើការឃោសនារកសំឡេងឆ្នោត ដើម្បីទទួលបានការគាំទ្រគណបក្សរបស់ខ្លួន គឺប្រព្រឹត្តទៅបានក្រោមម្លប់នៃសុខសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិតបន្តថា  រយៈ កាលជាង ៤៤ឆ្នាំមកនេះ គណបក្ស ប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងជាប្រទេសដែលប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសំឡេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ 

សូមបញ្ជាក់ថា នៅក្នុងចុងបញ្ចប់នៃកម្មវិធី សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមការងារ ក៏បានបង្រៀន សមាជិក សមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖