ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងជាបន្តបន្ទាប់ដោយគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូង បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមជួយសង្គ្រោះកូរ៉េខាងត្បូងយកបានសាកសពមនុស្សចំនួន៦នាក់ទៀតដែលជាប់ក្នុងផ្លូវរូងក្រោមដីមួយកន្លែង បន្ទាប់ពីរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ខណៈប្រការនេះនាំឱ្យចំនួនមនុស្សស្លាប់សរុបអំឡុងការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃជាប់គ្នានៅភាគកណ្តាលប្រទេសកូរ៉េខាងត្បូង កើនដល់៣៣នាក់។
លោក Seo Jeong-il ប្រធានស្ថានីយពន្លត់អគ្គិភ័យប្រចាំតំបន់ភាគខាងលិចទីក្រុងឆឹងជូ (Cheongju) បាននិយាយថា យានជំនិះប្រហែល១៥គ្រឿង រួមមានរថយន្តក្រុងមួយគ្រឿងផងដែរ ទំនងជាបានជាប់នៅក្នុងផ្លូវរូងក្រោមដីដែលជន់លិច។ លោក សូ បានសង្កត់ធ្ងន់បន្ថែមថា ប្រតិបត្តិការជួយសង្រ្គោះកំពុងតែបន្តយ៉ាងសកម្ម ព្រោះវាអាចនៅមានជនរងគ្រោះដទៃទៀត ខណៈគិតមកទល់ឥឡូវ សាកសពដែលយកចេញបានពីក្នុងនោះគឺសរុប៧នាក់ហើយ។
ចំណែកក្រសួងមហាផ្ទៃកូរ៉េខាងត្បូង បានឱ្យដឹងថា គិតត្រឹមម៉ោង១១ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០នាក់កំពុងបន្តបាត់ខ្លួន ដែលភាគច្រើនអាចកប់នៅក្រោមគ្រោះរអិលបាក់ដី ឬក៏ធ្លាក់ទៅក្នុងអាងស្តុកទឹកដែលជន់លិច ខណៈតួលេខនេះមិនរាប់បញ្ចូល អ្នកដែលអាចជាប់ក្នុងផ្លូវរូងក្រោមដីឡើយ ដ្បិតចំនួនមនុស្សដែលជាប់នៅទីនោះ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់ទេ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ដែលពេលនេះកំពុងស្ថិតក្នុងដំណើរបំពេញទស្សនកិច្ចនៅឯក្រៅប្រទេស បានដាក់បញ្ជាឱ្យនាយករដ្ឋមន្រ្តី លោក ហាន ឌុកស៊ូ (Han Duck Soo) ចល័តធនធានដែលមានទាំងប៉ុន្មាន ដើម្បីកាត់បន្ថយចំនួនជនរងគ្រោះ ឱ្យស្ថិតក្នុងកម្រិតទាបតាមតែអាចធ្វើទៅបាន ស្របពេលដែលភ្លៀងត្រូវគេរំពឹងថានឹងបន្តធ្លាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖