ភ្នំពេញ ៖ ឯកឧត្តម អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានទទួលមរណភាព នានឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:១៨នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ។ នេះក៏យោងតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការរដ្ឋសភាជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្ដីសោកស្តាយ ក្រៀមក្រំជាទីបំផុត សូមគោរព ទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ឯកឧត្តម អ៊ុក ដាមរី សមាជិកគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើ ពុករលួយ និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល បានទទួលមរណភាព នៅថ្ងៃចន្ទ ១៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៥:១៨នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
* សព ឯកឧត្តម អ៊ុក ដាមរី តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ផ្ទះលេខ១២៦-១២៨ ផ្លូវរុក្ខវិថីអេកសាន់រាយ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នើរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
* ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពី ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង១៦:០០នាទីល្ងាច។
* សពនឹងត្រូវដង្ហែយកបូជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ វត្តស្លាកែត នៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សេចក្ដីដូចបានគោរពទូលថ្វាយ និងជម្រាបជូនខាងលើ សូមសម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយនៃសព ព្រមទាំងគ្រប់ក្រសួងស្ថាប័នរដ្ឋនានា សូមមេត្តាជ្រាប និងសូមមេត្តាយាង និងអញ្ជើញចូលរួមពិធីបុណ្យសពតាមការគួរ ៕
ដោយ ៖ សហការី