ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះយុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួមជាមួយផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៉ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានថ្លែងបែបនេះ បានធ្វើឡើងបន្ទាប់ពី គណបក្សភ្លើងទៀន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួួយ អំពាវនាវឱ្យមានការដោះលែង មេដឹកនាំសកម្មជនរបស់ខ្លួន២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅនេះ ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គូសបំផ្លាញសន្លឹកឆ្នោត ក្នុងនោះ រួមមានទី១៖ គឺលោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។គណបក្សនេះ បានរិះគន់ថា ការចាប់ខ្លួននេះជារឿងអយុត្តិធម៌ ហើយជាការគៀបសង្កត់ និងគំរាមកំហែងសកម្មភាពរបស់ខ្លួន។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ក្រោយពីផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៉ី ត្រូវបានបរាជ័យជាបន្តបន្ទាប់ តាមរយៈចម្លើយសារភាពរបស់សមាជិកបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៦ ខែកក្កដាម្សិលមិញ វិធានការច្បាប់ម៉ឺងម៉ាត់បាននិងកំពុងអនុវត្តប្រឆាំងនឹងក្រុមបំផ្លាញប្រជាធិបតេយ្យដោយញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ហើយនេះជាការឃុបឃិតក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ មិនមែនធ្វើត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី។ ទណ្ឌិត សម រង្ស៉ី បានអះអាងថា អ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់»។
លោកបានបន្តថា នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ យោងតាមការស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច, ក្រុមក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៉ី បាននិងកំពុងសហការជាមួយ មន្ត្រីនៃគណបក្សភ្លើងទៀនបង្កើតជាអង្គការចាត់តាំងខុសច្បាប់ធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយដែលរហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនល្មើសពីរនាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការគូសសន្លឹកឆ្នោតចោល គឺមានការពាក់ព័ន្ធនឹងផែនការឧទ្ទាមកម្មរបស់ក្រុមជនក្បត់ជាតិប្រឆាំងនឹងកម្ពុជា, សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតរហូតដល់លើសន្លឹកឆ្នោត។ អ្នកទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យជាមួយក្រុមជនក្បត់ជាតិ និងចូលរួមគាំទ្រផែនការធ្វើឧបឃាត ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែអ្នកដែលអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតត្រឹមត្រូវ គឺចូលរួមការពារ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ។
បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណី នាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។ សូមជម្រាបថា យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ៕
ដោយ៖ សហការី