ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា នាយកដ្ឋានសន្តិសុខជាតិ និងកម្លាំងទាហានជើងទឹកអ៊ុយក្រែន នៅពីក្រោយការវាយប្រហារទៅលើស្ពានតភ្ជាប់ពីរុស្ស៊ីទៅកាន់គ្រីមៀ នៅព្រឹកថ្ងៃទី១៧ខែកក្កដា ។
មន្ត្រីប្រឆាំងភេរវកម្មរុស្ស៊ីបានបញ្ជាក់ថា ស្ពាន Crimea ក្លាយជាគោលដៅវាយប្រហារភេរវកម្ម ពីសំណាក់អ៊ុយក្រែន។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថាស្ពានគ្រីមៀដែលជាខ្សែបណ្តាញផ្គត់ផ្គង់ដ៏សំខាន់មួយ សម្រាប់កងកម្លាំងរបស់រុស្ស៉ីនៅឯអ៊ុយក្រែន បានទទួលការខូចខាត នាថ្ងៃចន្ទនេះ អំឡុងអ្វីដែលមន្រ្តី
រុស្ស៉ីហៅថាជា «ស្ថានការណ៍អាសន្ន» ខណៈដែលមនុស្សពេញវ័យ២នាក់បានស្លាប់និងក្មេងម្នាក់បានរងរបួស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា មានការផ្ទុះនៅលើស្ពាននោះ។
ក្រុមមន្រ្តីរុស្ស៉ីបានប្រាប់ថា ការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅលើស្ពាននោះ ដែលត្រូវបានរុស្ស៉ីសាងសង់ឡើង ដើម្បីតភ្ជាប់ប្រទេសរុស្ស៉ីទៅកាន់តំបន់គ្រីមៀ ជាឧបទ្វីបដែលរុស្ស៉ីបានក្រសោបយកពីអ៊ុយក្រែនទៅធ្វើជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ២០១៤។ អភិបាលនៃតំបន់គ្រីមៀ លោក សឺហ្គៃ អាក់សិននូវ (Sergei Aksyonov) បាននិយាយថា ស្ថានភាពអាសន្នបានកើតឡើងត្រង់ចំណុចសសរទី ១៤៥នៃស្ពាន ដែលតភ្ជាប់ពីគ្រីមៀ ទៅកាន់តំបន់ក្រាស្នូដារ (Krasnodar) របស់រុស្ស៉ី។ ប៉ុន្តែអភិបាលរូបនេះពុំបានបញ្ជាក់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។
ទន្ទឹមគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន RBC បានរាយការណ៍ថា មានហេតុការណ៍ផ្ទុះបានកើតឡើងលើស្ពានគ្រីមៀ ខណៈឆាណែលតេលេក្រាមរុស្ស៉ីមួយ ដែលមានទំនាក់ទំនងជាមួយទាហានស៊ីឈ្នួល Wagner ក៏បានរាយការណ៍ដែរថា មានការវាយប្រហារ២លើកបានកើតឡើងនៅលើស្ពានគ្រីមៀ នៅចន្លោះពីម៉ោង ៣ៈ៤នាទី ដល់ម៉ោង ៣ៈ២០នាទីទៀបភ្លឺថ្ងៃចន្ទនេះ។
ក្រោយមកទៀត ក្រសួងដឹកជញ្ជូនរុស្ស៉ីបាននិយាយថា មានការខូចខាតនៅលើផ្លូវរបស់ស្ពាន ដែលនៅកៀកនឹងខាងឧបទ្វីបគ្រីមៀ ប៉ុន្តែមិនមានការខូចខាតចំពោះ សសរស្ពានឡើយ។ ក្រសួងដឹកជញ្ជូនរុស្ស៉ីមិនបានបញ្ជាក់ឱ្យច្បាស់ថា ការខូចខាតនោះត្រូវបានបង្កឡើងដោយសារអ្វីទេ។ រីឯអភិបាលតំបន់បែលហ្គោរ៉ូដ (Belgorod) នៅភាគខាងត្បូងរុស្ស៉ី បានអះអាងថា ក្នុងពេលទន្ទឹមគ្នា ឪពុកម្តាយរបស់ក្មេងស្រីម្នាក់បានអះអាងថាកូនស្រីរបស់ពួកគេបបាត់បង់ជីវិត ហើយកូនស្រីរបស់ពួកគេម្នាក់ទៀតបានរងរបួសពេលកំពុងជិះក្នុងរថយន្តលក្ខណៈគ្រួសារ នៅលើស្ពានគ្រីមៀ។ ទោះយ៉ាងណាក្តី ពួកគេមិនបានប្រាប់ថា អ្នកទាំងនោះបានស្លាប់និងរបួស ដោយសារអ្វីឡើយ។
ស្ពានលក្ខណៈផ្លូវថ្នល់និងផ្លូវដែកខាងលើ ដែលមានប្រវែងជិត២០គីឡូម៉ែត្រ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមោទនភាពមួយរបស់ប្រធានាធិបតីរុស្ស៉ីលោក វ៉ា្លឌីមៀរ ពូទីន។ លោក ពូទីន បានបើករថយន្ត Mercedes មួយគ្រឿងដោយផ្ទាល់ឆ្លងកាត់ស្ពាននេះ កាលពីឆ្នាំ២០២២ បន្ទាប់ពីវាត្រូវបានជួសជុលរួចរាល់ ក្រោយហេតុការណ៍ផ្ទុះធ្ងន់ធ្ងរមួយ៕ ដោយ៖ ធីរីណា
រូបថត៖ social media/2w