ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យលេបត្របាក់និងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋពីរខ្នងទៀត បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅវវេលាម៉ោង១០និង៣០នាទី ស្ថិតក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ផ្ទះដែលរងការខូចខាតនោះមានទំហំ 8ម៉ែត្រគុណនឹង12 ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ខាងក្រោមឥដ្ឋ។ ម្ចាស់ផ្ទះឈ្មោះ ញ៉ ងួន ភេទប្រុស អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ហៃ គឹមស្រៀន អាយុ៥២ឆ្នាំរស់នៅផ្ទះជាមួយគ្នា។ ចំណែកផ្ទះពីរខ្នងទៀតសង់អំពីឈើលើ ថ្មក្រោម ប្រក់ក្បឿងដូចគ្នា ជារបស់ឈ្មោះ ១-ជា គឹមឡេង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ឆេះផ្ទះទំហំ៧ម៉ែត្រ×៩ម៉ែត្រ(ឆេះដំបូលផ្ទះខាងលើខូចខាតស្រាល)។ ២-ឈ្មោះញិល សុខ ភេទប្រុស អាយុ៨២ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាឆេះផ្ទះទំហំ៦ម៉ែត្រ×៨ម៉ែត្រ(ឆេះខូចខាតស្រាល)។
ក្នុងហេតុការណ៍នេះផងដែរកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ប្រើប្រាស់ទឹកចំនួន៥រថយន្តធ្វើឱ្យភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង១២ថ្ងៃខែដដែល។ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ករណីអគ្គិភ័យដែលធ្វើឱ្យឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕
ដោយ៖ ស្អាង ជ័យ