ភ្នំពេញ ៖ សារលិខិតពីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម មុនិនាថ សីហនុ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជាសព្វព្រះរាជហរទ័យ កោតសរសេីរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លេីរបាយការណ៍ទូលថ្វាយសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា !
លោកជំទាវបណ្ឌិតជាទីរាប់អាន
ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលិខិតចុះថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ ទូលថ្វាយ ពីសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជាពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នំា២០២៣ ។ ខ្ញុំ សូមសរសើរដ៏កក់ក្តៅចំពោះសកម្មភាពរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដោយបញ្ចូលសមាជិក សមាជិកាថ្មី បង្កើតសាខា បន្ថែមការបណ្ដុះបណ្ដាលហ្វឹកហាត់ចំណេះដឹង អាជីពការងារផ្សេងៗមាន ភាសា បរទេស ថ្នាក់កុំព្យូទ័រ និងជំនាញផ្សេងៗដល់ក្រុមកាយឫទ្ឋិនារីកម្ពុជា នៅរៀងរាល់ចុងសបា្តហ៍នៅតាម បណ្តាលខេត្ត និងលើកផែនការទិសដៅការងារបន្ត ដែលជាផ្នែកនៃភាពជោគជ័យ នឹងរីកចំរើនរបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដោយបច្ចុប្បន្នមានចំនួនសរុប ២ ៧៦៥រូប។
សូមជូនពរលោកជំទាវបណ្ឌិត និងសមាជិក សមាជិកា នៃសមាគមកាយឫទ្ធិនារីកម្ពុជាទាំងអស់ ទទួលបានជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះជាបន្តទៀត និងបានប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមលោកជំទាវបណ្ឌិត ទទួលនូវសេចក្តីរាប់អាន អំពីខ្ញុំ ៕
ដោយ ៖ សិលា