ខេត្តបន្ទាយមានជ័យ៖ លោកតាម៉ក់ ហ៊ឺន អណិកជនខ្មែរអាមេរិកដែលមានប្រជាប្រិយភាពក្នុងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា៖ប្រទេសកម្ពុជាអភិវឌ្ឍន៍១៨០ដឺក្រេ មិនដូចការនិយាយរបស់ក្រុមមួយចំនួននៅក្រៅប្រទេសដែលតែងនិយាយអាក្រក់ពីកម្ពុជាឡើយ។
លោកតាម៉ក់ ហ៊ឺន បានលើកឡើងដូចនេះក្នុងឱកាសដំណើរទស្សនៈកិច្ចនៅកម្ពុជាលើកទី០២និងនៅពេលចុះជួបប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៃទីតាំងដែលលោកធ្លាប់រស់នៅពីមុនសម័យខ្មែរក្រហមនិងក្រោយសម័យខ្មែរក្រហម ។ ដោយមានការចូលរួមអមដំណើរដឹកនាំពីលោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យនិងជាអភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៨ ខែកក្កដា ២០២៣ ម្សិលមិញ ។
ក្នុងឱកាសសំណេះសំណាលជាមួយពលរដ្ឋខេត្តបន្ទាយមានជ័យ លោកតាម៉ក់ ហ៊ឺន បានលើកឡើងទៀតថា ៖ រូបលោកនិងភរិយារួមនិងក្រុមការងារមកពីអាមេរិកជាង២០នាក់មកកម្ពុជាជាលើកទី០២នេះ គឺដើម្បីមកចូលរួមបោះឆ្នោតក្នុងនាមពលរដ្ឋខ្មែរដើម្បីប្រទេសកម្ពុជារីកចំរើននិងសន្តិភាពបន្តទៀតក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ។ ដូច្នេះក្នុងនាមជាខ្មែរដូចគ្នា. ដែលលោកធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់និងធ្លាប់រស់នៅកម្ពុជាមុននិងពេលសម័យខ្មែរក្រហមគឺពីមុនកម្ពុជាមានតែសង្រ្គាមមិនមានអ្វីៗដូចបច្ចុប្បន្ននេះនោះទេគឺកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍន៍ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ ភ្លើង ទឹក ដល់តំបន់ដាច់ស្រយាលនិយាយរួមគ្រាន់តែគាត់មកលើកទី០១នាចុងឆ្នាំ២០២២និងលើកទី០២នេះមានភាពរីកចំរើនខុសគ្នាច្រើនណាស់ ។
ដើម្បីអោយប្រទេសមានការរីកចំរើនទៅមុខបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមមួយចំនួនតូចនៅក្រៅប្រទេស ដែលតែងតែបង្កាច់បង្ខូចកម្ពុជាប្រាប់បងប្អូននៅក្រៅប្រទេសទាំងមិនពិតគឺបងប្អូនត្រូវដឹងដោយខ្លួនឯងដែលរស់នៅផ្ទាល់ថាប្រទេសយើងអភិវឌ្ឍអ្វីខ្លះ បងប្អូនរស់នៅដោយសុខសប្បាយមានការងារធ្វើ តើដោយសារអ្វី ចឹងត្រូវតែទៅបោះឆ្នោតជូនគណៈបក្សណាដែលនៅជិតបងប្អូននិងនៅបំរើបងប្អូននោះទើបសន្លឹកឆ្នោតមានតំលៃ។
លោកតា ម៉ក់ ហ៊ឺន បញ្ជាក់ថា៖ ការមកទស្សនៈកិច្ចនៅកម្ពុជាជាពិសេសនៅខេត្តបន្ទាយមានជ័យកាន់តែអោយលោកដឹងច្បាស់ពីការអភិវឌ្ឍន៍នៅកម្ពុជានិងតំលៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ៕
ដោយ៖ វណ្ណា