ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo ប្រកាសគ្មាន​ការ​ថយ​ក្រោយ​ត្រឡប់​ទៅលេងនៅ​អឺរ៉ុប​វិញ​ទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា គ្មានឱកាសឱ្យគាត់លេងបាល់ទាត់ក្លិបនៅអឺរ៉ុបម្តងទៀតទេ ហើយថាលីកអារ៉ាប៊ីសាអ៊ូឌីតល្អជាង Major League Soccer ជាលីកនៅអាមេរិក ដែលគូប្រជែងដ៏អស្ចារ្យរបស់គាត់ Lionel Messi បានជ្រើសរើសដើម្បីចាប់ផ្តើមជំពូកបន្ទាប់ក្នុងអាជីពរបស់គាត់។

Ronaldo ដែលបានចូលរួមជាមួយក្រុម Al Nassr កាលពីខែធ្នូក្នុងកិច្ចសន្យា២ឆ្នាំបន្ទាប់ពីការចាកចេញពី Manchester United បាននិយាយថា គាត់បានត្រួសត្រាយផ្លូវសម្រាប់កីឡាករកំពូលផ្សេងទៀតដើម្បីចុះហត្ថលេខាជាមួយក្រុមអារ៉ាប៊ីសាអ៊ូឌីត ហើយវានឹងធ្វើឱ្យការផ្លាស់ប្តូរទៅកាន់ព្រះរាជាណាចក្រវាលខ្សាច់។

ប្រធានក្រុមព័រទុយហ្គាល់វ័យ៣៨ឆ្នាំរូបនេះបាននិយាយបន្ទាប់ពីការចាញ់ ៥-០ របស់ Al Nassr ក្រោមថ្វីជើងក្រុម Celta Vigo ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកាលពីថ្ងៃចន្ទថា លីកអឺរ៉ុបភាគច្រើនបានធ្លាក់ចុះ។

ESPN បានដកស្រង់សម្តីគាត់ថា “ខ្ញុំប្រាកដ១០០ភាគរយថា ខ្ញុំនឹងមិនត្រឡប់ទៅក្លិបអឺរ៉ុបណាមួយទេ ខ្ញុំមានអាយុ៣៨ឆ្នាំហើយ។ បាល់ទាត់អឺរ៉ុបបានបាត់បង់គុណភាពជាច្រើន តែមួយគត់ដែលមានសុពលភាព និងនៅតែធ្វើបានល្អគឺអង់គ្លេស Premier League ពួកគេនាំមុខលីកផ្សេងទៀតទាំងអស់”។

គូប្រជែងយូរអង្វែងរបស់ Ronaldo គឺកីឡាករ Messi ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលម្ចាស់ជើងឯក World Cup អាហ្សង់ទីនរូបនេះបានបញ្ចប់ការផ្ទេរទៅកាន់ក្រុម Inter Miami របស់ MLS ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២៥។

Ronaldo បានបន្តថា “លីកអារ៉ាប៊ីសាអ៊ូឌីតគឺល្អជាង MLS។ ឥឡូវ​នេះ​កីឡាករ​ទាំង​អស់​នឹង​មក​ទី​នេះ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ កីឡាករ​កំពូល​ៗ​នឹង​មក​កាន់​អារ៉ាប៊ីសាអ៊ូឌីត”។កីឡាករល្បីៗជាច្រើនបានដើរតាម Ronaldo ទៅលីកអារ៉ាប៊ីសាអ៊ូឌីត រួមទាំងអ្នកឈ្នះ Ballon d’Or កីឡាករ Karim Benzema ពី Real Madrid និង N’Golo Kante មកពី Chelsea ដែលអ្នកទាំង២បានចូលរួមជាមួយជើងឯក Al-Ittihad ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖