ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលជាចំណងដៃថ្មី ផ្លូវដីចាក់ថ្មបំបែកប្រវែង១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមិទ្ធផលជាចំណងដៃថ្មី ផ្លូវដីចាក់ថ្មបំបែកប្រវែង ១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។

   ជាក់ស្ដែងនាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអញ្ជើញបើកកាដ្ឋានគម្រោងជុសជុលផ្លូវដីចាក់ថ្មបំបែកប្រវែង១០៧៨០ម៉ែត្រនិងដាក់លូកាត់ផ្លូវចំនួន៤កន្លែងគម្រោងឆ្នាំ២០២៣ ឆ្លងកាត់៥ភូមិ ជូនដល់អ្នកភូមិក្នុងឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក។

    ក្នុងឱកាសនោះលោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោកសៅ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចកាល តែងតែគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខនិងដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋយើងទាំងសេវាសំណូមពរ និងសេវាតម្រូវការនេះតែម្ដង ។

    លោកបន្តថា ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមគោល នយោបាយឈ្នះ=ឈ្នះ បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស ជាពិសេសបានធ្វើឱ្យខេត្តស្វាយរៀង ក៏ដូចជាស្រុករមាសហែកដែលធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការអភិវឌ្ឍនិងរីកចម្រើនលើគ្រប់វិស័យ ហើយជាក់ស្តែងនៅថ្ងៃនេះ បានបើកការដ្ឋានក្នុងគោលបំណងពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងឃុំឱ្យបានកាន់តែល្អប្រសើរឡើង។

    លោកបន្តថា សមិទ្ធផលទាំងនេះនិងសមិទ្ធផលផ្សេងៗទៀត ដែលលេចឡើងនៅក្នុងមូលដ្ឋានរបស់យើង គឺជាលទ្ធផលដែលកើតចេញពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមនុញ្ញផលនៃគោលនយោបាយឈ្នះ=ឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ។

   លោកអភិបាលស្រុកបានបន្ថែមថា ការបើកកាដ្ឋានគម្រោងជុសជុលផ្លូវដីចាក់ថ្មបំបែកដែលមានប្រវែង១០៧៨០០ម៉ែត្រ ឆ្លងកាត់៥ភូមិ រួមមានភូមិត្រណាំងជ័រ ភូមិបុស្សគគីរ ភូមិថ្មីរោងស្នោ និងភូមិរាមសេនា ក្នុងឃុំអណ្ដូងពោធិ៍នាពេលនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងកសាងជាផ្លូវចាក់ថ្មបំបែក ប៉ុន្តែទៅថ្ងៃមុខនឹងអាចប្រែក្លាយផ្លូវនេះទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលចេះតែមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិយើង ។

    បន្ទាប់មក លោកអភិបាលស្រុករមាសហែក ក៏សូមសំណូមពរដល់ បងប្អូន អ៊ំ ពូ មីង លោកតា លោកយាយ ដែលបានចូលរួមនៅទីនេះត្រូវស្រលាញ់ និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព និងត្រូវធ្វើជាប្រជាពលរដ្ឋគំរូក្នុងសង្គម នាពេលខាងមុខសូមបងប្អូនយើងគ្រប់គ្នាចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខនេះអោយបានគ្រប់ៗគ្នា៕

ដោយ៖ សុថាន


ចែករំលែក៖