ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហោះលើ facebook ផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា, នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនជាសាធារណៈជ្រាបដូចខាងក្រោម៖
១-បុគ្គលឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា៖ ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយចំនួន២ម៉ឺនបាតនៅក្នុងក្លឹបប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ឈ្មោះ ភី សូនី បានខលប្រាប់បន្ថែមទៀត ឲ្យលុបចោល ហាមចុះផ្សាយ តែអ្នកសារព័ត៌មានមិនព្រមលុបនោះទេ ទើបខ្លួនចេញមុខមកសុំទោស និងស្រាយបំភ្លឺការពិត។
២-បុគ្គលឈ្មោះ ហ៊ុន គីមឡា ភេទស្រី អាយុ៣២ឆ្នាំ ម្ចាស់អាខោន Mey Mey Kim ដែលមាន មុខរបរម្ចាស់ហាងបោកអ៊ុតស្អាតជានិច្ច ទីលំនៅបច្ចុប្បន្ន បុរី The wood ផ្ទះលេខ S09 ផ្លូវកណ្តាល សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា មូលហេតុដែលនាងនិយាយប៉ះពាល់PM គឺដោយសារនាងឃើញរថយន្តដែលដេញតាមនាងមានបំពាក់ស៊ឺរ៉ែននៅពីលើ ទើបនាងមានការភ័ន្តច្រឡំជារថយន្តPM ជាអំពើអចេតនា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជននិងអ្នកសារព័ត៌មានមេត្តាជ្រាបនិងសុំកែតម្រូវតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕
ដោយ ៖ សិលា