ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បំភ្លឺករណីកាស៊ីណូប៉ារីសបូព៌ានៅក្រុងបាវិតមានមនុស្សជាច្រើនស្រែកឱ្យគេជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានបំភ្លឺករណីកាស៊ីណូនៅក្រុងបាវិតមួយកន្លែងមានមនុស្សជាច្រើនស្រែកឱ្យគេជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

   សូមបញ្ជាក់ជូនសាធារណជននិងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាបថា៖ កាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៊ីណូនៅក្រុងបាវិតមួយកន្លែងមានមនុស្សជាច្រើនស្រែកឱ្យជួយ តែមិនទាន់ដឹងមានរឿងអ្វីនោះទេ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

    ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមធ្វើការបញ្ជាក់ជូនដូចខាងក្រោម៖ 

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីរសៀលមានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចយើងថា៖ បានឃើញបុគ្គលិកក្នុងក្រុមហ៊ុនកាស៊ីណូប៉ារីសបូព៌ា វាយកញ្ចក់អគារជាន់ទី៦ ផ្នែកខាងក្រោយ ហើយស្រែកស្នើសុំអន្តរាគមន៍ ។

    ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការសម្របសម្រួលពី លោកព្រះរាជអាជ្ញា សមត្ថកិច្ចយើងនិងអាជ្ញាធរពាក់ព័ន្ធបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានបុគ្គលិកក្រុមហ៊ុនកាស៊ីណូជាជនជាតិវៀតណាម សរុបចំនួន៣៥នាក់ ស្រី១០នាក់ប្រមូលផ្តុំគ្នាមិនធ្វើការនៅអគារជាន់ទី៦ និងឃើញមានការខូចខាតសម្ភារតុកៅអីនិងកុំព្យូទ័ររបស់ក្រុមហ៊ុនមួយចំនួនផងដែរ។

   សមត្ថកិច្ចយើងបានអញ្ជើញបុគ្គលិកជាជនជាតិវៀតណាមទាំង៣៥នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរ ។ ក្រោយពីសមត្ថកិច្ច បានធ្វើការសាកសួរជាបឋម បុគ្គលិកទាំង៣៥នាក់ខាងលើបានឆ្លើយប្រាប់សមត្ថកិច្ចយើងថា៖ ពួកគេតវ៉ាសុំកិច្ចអន្តរាគមន៍ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារមួយចំនួន ។

    បច្ចុប្បន្នបុគ្គលិកទាំង៣៥នាក់រួមជាមួយរដ្ឋបាលក្រុមហ៊ុន០១នាក់ និងអ្នកគ្រប់គ្រង០១នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងបាវិត៕

ដោយ៖ សុថាន


ចែករំលែក៖