សារព័ត៌មាន AFP បានផ្សាយថា តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសថៃ កាលពីថ្ងៃទី១២ ខែកក្កដា បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នសិន ជុំវិញការចោទប្រកាន់ថា រូបលោកបានរំលោភលើច្បាប់បោះឆ្នោត ពាក់ព័ន្ធនឹងការកាន់កាប់ភាគហ៊ុននៅក្នុង ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលលែងដំណើរការជាយូរមកហើយ។ បន្ថែមពីលើនេះ តុលាការធម្មនុញ្ញថៃក៏យល់ព្រមបើកសវនាការលើសំណុំរឿងនេះផងដែរ ខណៈដែលមានការរំពឹងជាច្រើនថា លោក Pita អាចនឹងត្រូវបានគេដកហូតសមាជិកភាពសភារបស់លោក។
តែទោះជាបែបនេះក្ដី លោក Pita នៅតែអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានដដែល។ ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃនៅថ្ងៃពុធនេះធ្វើឡើងចំថ្ងៃតែមួយដែលសម័យប្រជុំរួមរដ្ឋសភានិងព្រឹទ្ធសភាកំពុងប្រព្រឹត្តទៅដើម្បីបោះឆ្នោតសម្រេចចុងក្រោយថា តើលោក Pita អាចក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ឬក៏យ៉ាងណា៕ ដោយ៖ ធីរីណា
រូបថត៖ Reuters