ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តបតាមពាក្យបណ្តឹងរបស់ស្រីស្នេហ៍រឿងខ្ចីម៉ូតូជិះ ហើយបុរសខាងលើបានឱ្យម៉ូតូនោះទៅមិត្តភក្តិខ្ចីជិះបន្តស្រាប់តែមិត្តនោះគេចខ្លួនបាត់តែម្តង។
ការឃាត់ខ្លួនបុរសខាងលើធ្វើឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់យីហោ សៀវ មីញស្ថិតនៅក្នុងភូមិត្រពាំងមៀន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថបាននិយាយឱ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសខាងលើបានគឺកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ វុទ្ធ ធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌកំបូល រាជធានីភ្នំពេញ ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីដដែលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះសុខ ហៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនី មានទីលំនៅភូមិត្រពាំងខ្នារ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។
នៅមុនពេលកើតហេតុគឺបុរសជាជនសង្ស័យនិងស្ត្រីជាជនរងគ្រោះបានស្គាល់គ្នាតាំងពីខែមេសាឆ្នាំ២០២៣មកម្ល៉េះ ហើយអ្នកទាំងពីរនាក់មានទំនាក់ទំនងស្រឡាញ់គ្នា(សង្សារគ្នា) រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី ជនសង្ស័យបានខ្ចីម៉ូតូជនរងគ្រោះជិះ ហើយបានឱ្យមិត្តភក្តិខ្ចីជិះបន្តយកទៅបាត់តែម្តង។
សូមបញ្ជាក់ផងដែរថា ម៉ូតូដែលបាត់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ព៌ណខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ AH-2964 ។
ក្រោយឃាត់ខ្លួនបុរសជាជនសង្ស័យនិងជាប្រុសស្នេហ៍ខាងលើផងនោះ កម្លាំងកងរាជអាវុធហត្ថជំនាញបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីឃុំខ្លួនបណ្តោះអាសន្នរួចរាល់ហើយ៕
ដោយ៖ សហការី