ព័ត៌មានទាន់ហេតុការណ៍៖

លោកគួច ចំរើន ប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ អញ្ជើញប្រគល់ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរជូនលោកឪពុកអធិការសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះ សីហនុ នៅសាលាដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាល រងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោក លោកស្រី នាយកទីចាត់ការ និងប្រធានមន្ទីរ អង្គភាព។

ព្រះរាជក្រឹត្យលេខ នស/រកត០៥២៣/៨២១ ត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក យូជីន ខាល់កូ (EUGINE XALXO) ជនជាតិឥណ្ឌា សញ្ជាតិឥណ្ឌា កើតនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៧៥ នៅទីក្រុង JASHPURNAGAR CHHATISGARH សាធារណរដ្ឋឥណ្ឌា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដោយសារតែលោកមកនៅកម្ពុជា ជាង ២២ឆ្នាំ និងនិយាយភាសារខ្មែរបានល្អ និងដោយមានការយល់ព្រមពីរូបលោក ទើបខ្ញុំបានស្នើសុំទៅសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានបញ្ជាក់អំពីគុណតម្លៃការងារដោយការគោរពស្រឡាញ់ពីសិស្ស និស្សិតរបស់យើងដែលបានជួយបណ្តុះបណ្តាលជាច្រើនឆ្នាំកន្លងមកហើយ ។

ទោះបីលោកជាជនជាតិឥណ្ឌា ក៏ប៉ុន្តែជីវិតការងារជាមួយប្រជាជនកម្ពុជាច្រើន ហើយចំណេះវិជ្ជារបស់គាត់បានយកមកចែករំលែកដល់យុវជនយើង ហើយបានបន្តរួមចំណែកជួយដល់កូនចៅរបស់យើង រយៈពេលកម្លងមកនេះការបណ្តុះបណ្តាលវិជ្ជាជីវរាជ រដ្ឋាភិបាលទើបតែចាប់ផ្តើមក្រោយសាលាដុនបូស្កូ ព្រោះសាលាដុនបូស្កូបានចាប់ផ្តើមនៅទឹកថ្លា រាជធានីភ្នំពេញ រួចពង្រីកមកដល់ខេត្តព្រះសីហនុ យើងចង់ពង្រីកគោលដៅឱ្យធំជាងនេះ។

សូមអបអរសាទរលោក តាមរយៈសម្តេចតេជោ ព្រះ មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រហស្តលេខា ផ្តល់សញ្ជាតិជូនគាត់ ក្នុងនាមរដ្ឋបាលខេត្ត សូមសំដែងអបអរសាទរសូមជូនពរមានសុខភាពល្អ បន្តការបណ្តុះបណ្តាលដល់យុវជន យុវនារីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត រួមចំណែកអភិវឌ្ឍធនធានមនុស្សរបស់យើងឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់បន្តទៀត។

លោកអភិបាលខេត្តថ្លែងអំណរគុណសាលាដុនបូស្កូបានផ្តល់ភាពអនុគ្រោះ ដូចជាការផ្តល់ទីកន្លែងសឹងគ្រប់កម្មវិធីចែកអំណោយមនុស្សធម៌ រួមទាំងកម្មវិធីការងារសង្គមនានា ជូនប្រជាពលរដ្ឋក្រីក្ររបស់យើងនៅ ក្នុងក្រុងព្រះសីហនុ ហើយយុវជនរបស់យើងដែលបញ្ចប់ការបណ្តុះបណ្តាលនៅទីនេះ បានចេញទៅបំរើការងារនៅតាមសហគ្រាស អង្គភាពផ្សេងៗជាធនធានដែលមានសមត្ថភាព មានសក្តានុពល មានការតស៊ូព្យាយាម ដែលសហគ្រាសទាំងឡាយមានការកោតសរសើរអំពីធនធានមនុស្សដែលចេញពីសាលាដុនបូស្កូរបស់យើង ដែលមានសីលធម៌ តស៊ូព្យាយាមការងារបានល្អ៕

ដោយ៖ សូរិយា


ចែករំលែក៖