ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បង្ហាញពីភាពរីកចម្រើនរបស់កម្ពុជា ជូនអ្នកវិភាគ នយោបាយសញ្ជាតិខ្មែរអាមេរិកាំង(លោកម៉ក់ ហឺន)

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង សមាជិកគណៈ កម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ខណៈលោកជួបសំណេះសំណាលជាមួយលោកតា ម៉ក់ ហឺន អ្នកវិភាគជនជាតិអាមេរិកាំង ដើមកំណើតខ្មែរ និងភរិយា នាព្រឹកថ្ងៃទី១៩ កក្កដាឆ្នាំ២០២៣នេះ។

    លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការជួបសំណេះ សំ ណាលជាមួយលោកតា ម៉ក់ ហឺន និងភរិយាព្រមទាំងសហការី នាពេលនេះ គឺចង់បង្ហាញឲ្យដឹងច្បាស់ពី មហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយសម្តេចតេជោហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់ដ៏ធំធេងក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍ ប្រទេសជាតិឲ្យរីកចម្រើន ជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ 

     លោកបញ្ជាក់ថា សន្តិភាព នេះហើយ ដែលបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាមានឱកាសគ្រប់គ្រាន់ ក្នុងការប្រកបមុខរបររកស៊ី ទទួល ទាន មិនថាប្រជាពលរដ្ឋរស់នៅក្នុងក្រុងឬនៅតាមបណ្តាខេត្តនោះទេ គឺពួកគាត់ មានជីវភាពធូធារហូត ដល់ អ្នកស្រែចំការមានលទ្ធភាពទិញផ្ទះស្វែង ឬបុរីអោយកូនស្នាក់ នៅ ដើម្បីរៀនសូត្រ នៅភ្នំពេញ ដោយមិនបាច់ ពឹងពាក់ផ្ទះ បង ប្អូនឡើយ ។ 

  លោក ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីទុក្ខវេទនាក្នុងរបបប៉ុលពត និងការរំដោះប្រទេសជាតិ ចេញពីរបបនេះនិងការស្តារប្រទេស ជាតិឡើងវិញចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍ រីកចំរើន គឺជាស្នាដៃរបស់សម្តេចតេជោហ៊ុន សែន ។

   លោកតា ម៉ក់ ហឺន បានមានប្រសាសន៍លើកឡើងដែរថា៖ ក្នុងរបបប៉ុល ពត លោកក៏ជាប្រជាពលរដ្ឋម្នាក់ដែលបានរងគ្រោះ ក្នុងរបបនេះដែរ ដោយត្រូវពួកប៉ុលពតធ្វើទុក្ខបុកម្និញ អោយធ្វើជាគោអូសរទេះថែមទៀតផង ។ លោកពិតជាកោតសរសើរចំពោះភាពរីកចំរើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញតែម្តង ពិតជាមានការអភិវឌ្ឍរីកចម្រើននឹកស្មានមិនដល់មែន។

    លោក ឃួង ស្រេង បានបន្តនាំលោកតា ម៉ក់ ហឺន មកធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងលើមហាវិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅបន្តទៀត ដោយក្នុងកម្មវិធីទស្សនកិច្ចនោះ ក៏មានការចូលរួមពីលោក ម៉ម  ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផងដែរ។

      លោកតា ម៉ក់ ហឺន បានលើក ឡើងថា៖ លោកមិនបានដឹងថា នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដ៏ធំរហូត ដល់១ម៉ឺនគ្រែដូចនេះទេ លោកដឹងត្រឹមតែ មន្ទីរពេទ្យកាល់ម៉ែត ដែលទើបសាងសង់ថ្មី និងពហុកីឡដ្ឋានជាតិមរតកតេជោប៉ុណ្ណោះ ។តែមន្ទីរពេទ្យនេះ មិនត្រឹមតែធំទូលាយប៉ុណ្ណោះទេ ថែមទាំង បានបំពាក់គ្រឿងបរិក្ខាទំនើប គ្រប់គ្រាន់ មិនចាញ់មន្ទីរនៅក្រៅប្រទេសថែមទៀតផង។

       លោកតា ម៉ក់ ហឺន ក៏បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោត សូមអញ្ជើញប្រើសិទ្ធិ ទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ៕

ដោយ ៖ សំរិត


ចែករំលែក៖