ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ស្ពឺនឹងចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺនឹងចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់ បន្ទាប់ពីដឹងថាមានជនខិលខូចមួយ ចំនួនកំពុងលេបទឹកមាត់ ចង់បានដីនៅតំបន់ទំនប់តាសាលក្នុងស្រុកហោរាល់ខេត្តកំពង់ស្ពឺនេះ។

ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាស និយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវ តែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។

រដ្ឋបាលខេត្តកំពង់ស្ពឺបានព្រមានថា ក្នុងករណីមិនស្តាប់ តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង៕

ដោយ៖ សូរិយា


ចែករំលែក៖