ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងឱ្យពលរដ្ឋបានដឹងពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០១ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកានិងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញតាមតម្រាយផ្លូវដូចខាងក្រោម៖
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងរៀបចំជួបជុំសមាជិក សមាជិកានៅទីស្នាក់ការកណ្តាលគណបក្សស្ថិតនៅបុរីដើមមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយមានអ្នកចូលរួមចំនួន ១៥០នាក់។ បន្ទាប់មកនៅវេលាម៉ោង៧ៈ៣០នាទី ក្បួននឹងហែចេញពីទីតាំងជួបជុំ បត់ស្តាំចូលផ្លូវចំការដូង (ផ្លូវលេខ២១៧) បត់ឆ្វេងចូលផ្លូវទួលពង្រ បន្តដំណើរទៅមុខ។ បន្ទាប់មកបត់ស្តាំចូលផ្លូវជាតិលេខ៣ឆ្ពោះទៅស្ពានអាកាសចោមចៅ រួចបត់ស្តាំចូលមហាវិថីចោមចៅ ឆ្ពោះទៅច្រមុះជ្រូកស្ទឹងមានជ័យ បន្តចូលមហាវិថីសម្តេចព្រះមុនីរ៉េត បត់ឆ្វេង ក្រោមស្ពានអាកាសស្ទឹងមានជ័យចូលផ្លូវលេខ២៧១ បត់ឆ្វេងចូលផ្លូវលេខ២០០៤ បត់ស្តាំចូលផ្លូវណតប្រ៊ីដ បន្តដំណើរក្រោមស្ពានអាកាសផ្សារដីហុយចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រួចបត់ស្តាំចូលផ្លូវលេខ១៩៧២ រហូតដល់ផ្ទះលេខ៣២ ឈប់សម្រាកអាហារថ្ងៃត្រង់។ នៅវេលាងម៉ោង១៤:០០នាទី ក្បួនបន្តដំណើរចេញពីទីតាំងសម្រាកតាមបណ្ដោយផ្លូវលេខ១៩៧២ បត់ឆ្វេងចូលផ្លូវលេខ១០០៧ ឆ្ពោះទៅបត់ឆ្វេងចូលផ្លូវលេខ៥៩៨ បន្តទៅរង្វង់មូលកាំកូស៊ីធី រួចបត់ឆ្វេងចូលមហាវិថីអង្គរ បន្តដំណើរទៅបត់ស្តាំចូលមហាវិថីឈ្នះ=ឈ្នះ។ បន្ទាប់មកបត់ស្តាំចូលផ្លូវជាតិលេខ៥ ឆ្ពោះទៅទីលានប្រជាធិបតេយ្យដើម្បីរំសាយ។
ក្នុងយុទ្ធនាការឃោសនានេះ អាចមានចរាចរណ៍មមាញឹកដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិកសមាជិកាដែលអញ្ជើញចូលរួម។ ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនានៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៦:០០នាទី រហូត ដល់ការដង្ហែក្បួនបានបញ្ចប់ ៕
ដោយ ៖ សំរិត