ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីផ្ទុះជំងឺសារទឹកលើសត្វក្របីស្លាប់ជាច្រើនក្បាលនៅក្នុងសហគមន៍នៃឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ដែលជាផ្នែកមួយនៃវាលទំនាបតំបន់២និងតំបន់៣ បឹងទន្លេសាប ។
រីឯនៅឃុំតាអំ ស្រុកក្រឡាញ់ខេត្តសៀមរាបនិងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបងជាប់ព្រំប្រទល់គ្នានោះក៏មានផ្ទុះជំងឺនេះស្រដៀងគ្នាដែរ។
ករណីនេះបានកើតឡើងរយៈពេល១សប្តាហ៍មកហើយមកទល់នឹងថ្ងៃនេះ ។ ដោយឡែកសម្រាប់ភូមិសាស្ត្រខេត្តបន្ទាយមានជ័យវិញ មន្ត្រីពេទ្យសត្វ(ការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត) ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថានស្រុកនិងពេទ្យសត្វភូមិបានចុះទៅឆ្លើយតបហើយ។នេះបើតាមលោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៣ ។
លោកបានឲ្យដឹងទៀតថា ៖ ក្រុមអន្តរាគមន៍ការិយាល័យសហការជាមួយលោក ឃ្លោក សារី ផ្នែកបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំប្រាសាទ ភ្នាក់ងារសុខភាពសត្វភូមិ និងប្រជាកសិករជាម្ចាស់សត្វចំនួន ០៥គ្រួសារ នៅ៣ភូមិផ្សេងគ្នា គឺភូមិកំព្រាម, ភូមិចារ និងភូមិតាអំ ឃុំប្រាសាទដែលមានសត្វក្របីសរុបចំនួន១៨៨ក្បាល បានធ្វើការដោះស្រាយរួមគ្នា។ ក្នុងនោះមន្ត្រីក្រុមការងារបានរកឃើញថា មាន០៥គ្រួសារ ដែលមានក្របីសរុប ៥២ក្បាល ឈឺ២៣ក្បាល (ធ្ងន់ ០៣ក្បាល) ងាប់២០ក្បាល ។ រយៈពេលឈឺមាន១សប្តាហ៍មកហើយ ដែលគេសង្ស័យជាជំងឺសារទឹក ។
តាមទិន្នន័យចុងក្រោយមួយពីមន្ត្រីចុះប្រតិបត្តិការបានបង្ហើបថា៖ ក្នុងចំណោមក្របី១០០ក្បាល មាន៨០ក្បាលបានឈឺជំងឺសារទឹក ។ប៉ុន្តែយុទ្ធនាការចុះព្យាបាលដោយមន្ត្រីនិងភ្នាក់ងារពេទ្យសត្វបានធ្វើអោយជំងឺសត្វក្របីបានជាសះស្បើយឡើងវិញបណ្តើរៗហើយ ។
លោកហ៊ុយ ទូច បានបញ្ជាក់ថា៖ ជាវិធានការបច្ចេកទេស ក្រុមការងារបានបែងចែកគ្នាជា០២ក្រុម ៖ ក្រុមទី១ ចុះទៅពិនិត្យព្យាបាលសត្វក្របីទាំង៥គ្រួសារបានចំនួន២៣ក្បាល ដោយបានហៅប្រជាកសិករដែលមានចិញ្ចឹមសត្វក្របី គោ ផ្សព្វផ្សាយពីបច្ចេកទេស ដោយមិនត្រូវពិឃាតឬបរិភោគសាច់សត្វក្របីដែលឈឺងាប់នោះឡើយ ។ ត្រូវបំបែកសត្វឈឺចេញពីសត្វជា ,មិនត្រូវចងសត្វនៅកន្លែងក្តៅខ្លាំងនោះទេ ។ ជាទិសដៅបន្ត ត្រៀមចុះបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀតនៅថ្ងៃបន្តបន្ទាប់ ។ ទោះជាយ៉ាងណាក្នុងស្ថានភាពបឋម មន្ត្រីជំនាញពេទ្យសត្វអាចគ្រប់គ្រងជំងឺនេះបាន។
លោកហ៊ុយ ទូច បានឲ្យដឹងថា៖ ការផ្ទុះជំងឺសារទឹកនេះវាបានរាលដាលនៅឃុំនៃស្រុក៣ជាប់ព្រំទល់៣ខេត្ត គឺខេត្តបន្ទាយមានជ័យ ខេត្តសៀមរាបនិងបាត់ដំបងដែលជាសហគមន៍មានចិញ្ចឹមក្របីរាប់ពាន់ក្បាល ។ ហេតុនេះពេលក្របីវាផ្ទុះកើតជំងឺ ពួកវានៅនឹងវាលពាសវាលពាសកាលក្រៅក្រោល ដែលពិបាកខ្លាំងណាស់ក្នុងទប់ស្កាត់នូវការឆ្លងជំងឺ។ ម្យ៉ាងទៀត បងប្អូនប្រជាកសិករម្ចាស់សត្វក្របីមិនសូវយល់ស្របឬស្តាប់តាមការណែនាំ ផ្សព្វផ្សាយ ការចុះចាក់វ៉ាក់សាំងរបស់មន្ត្រីឡើយ ។
លោកតោ មេសា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅការិយាល័យ មន្ត្រីបានបែងចែកសម្ភារ បរិក្ខារបសុពេទ្យ និងថ្នាំការពារជំងឺសារទឹកគោក្របី ថ្នាំព្យាបាលជូនដល់ផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង០៩ សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដែលការិយាល័យទើបទទួលបានពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនាពេលថ្មីៗនេះ។បានចុះចាក់វ៉ាក់សាំងសារទឹកគោជូនប្រជារាស្ត្រនៅក្នុងភូមិអូរបីជាន់ ចាក់បាន២១៥ក្បាល ៕
ដោយ ៖ វណ្ណា