ព័ត៌មានទាន់ហេតុការណ៍៖

តំបន់គ្រីមៀជម្លៀសមនុស្សជាង២៥០០នាក់ក្រោយមានគ្រោះអគ្គិភ័យនៅមូលដ្ឋានយោធាមួយកន្លែង

ចែករំលែក៖

អភិបាលតំបន់គ្រីមៀបានឱ្យដឹងនៅថ្ងៃពុធនេះថា គ្រោះអគ្គិភ័យមួយបានកើតឡើងនៅឯមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ស្ថិតក្នុងស្រុកគីរ៉ូវស្កេ (Kirovske) នៃឧបទ្វីបគ្រីមៀ ជាហេតុបង្ខំឱ្យអាជ្ញាធរត្រូវចេញបញ្ជាជម្លៀសខ្លួន សម្រាប់ប្រជាជនជាង២,០០០នាក់ ហើយបិទផ្លូវហាយវ៉េមួយខ្សែថែមទៀត ដែលនៅក្បែរនោះ។
អភិបាលតំបន់គ្រីមៀ លោក សឺហ្គៃ អាក់សិននូវ (Sergei Aksyonov) បាននិយាយលើបណ្តាញសង្គម Telegram ថា ដោយសារតែហេតុការណ៍គ្រោះអគ្គិភ័យខាងលើ ប្រជាជននៅតាមសហគមន៍ចំនួន៤ ដែលស្មើនឹងចំនួនជាង២,០០០នាក់ ត្រូវស្ថិតក្រោមការបង្គាប់ឱ្យជម្លៀសខ្លួនជាបណ្តោះអាសន្ន។ ទោះជាយ៉ាងណាក្តី ពុំមានការផ្តល់មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យនេះឡើយ ខណៈផ្លូវហាយវ៉េ តាវរីឌី (Tavridy) ដែលសំខាន់មួយនៅក្បែរកន្លែងកើតហេតុក៏ត្រូវបានបិទផងដែរ។
ដោយឡែក ឆាណែល Telegram រុស្ស៉ីដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខរបស់ប្រទេសរុស្ស៉ី ហើយនិងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែន បានរាយការណ៍ថា ដេប៉ូស្តុកគ្រាប់រំសេវមួយបានរងការឆាបឆេះនៅឯមូលដ្ឋានយោធាខាងលើ បន្ទាប់ពីមានការវាយប្រហារកាលពីពេលយប់ដោយអ៊ុយក្រែន។

អគ្គិភ័យនោះកើតឡើងនៅរយៈពេល២ថ្ងៃ បន្ទាប់ពីហេតុការណ៍វាយប្រហារមួយ ដែលបានធ្វើឱ្យខូចខាតស្ពានតភ្ជាប់រវាងតំបន់ឧបទ្វីបគ្រីមៀ នឹងប្រទេសរុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាសកម្មភាពដែលទីក្រុងមូស្គូបានទម្លាក់កំហុសលើអ៊ុយក្រែន ហើយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានប្តេជ្ញាសងសឹកទៅវិញ។ កាលពីចន្លោះយប់ថ្ងៃអង្គារ-ពុធសប្តាហ៍នេះ រុស្ស៉ីបានបន្តបើកការវាយប្រហារតាមផ្លូវអាកាសពីរយប់ជាប់គ្នាលើទីក្រុងកំពង់ផែអូដេសារបស់អ៊ុយក្រែន៕ ដោយ៖ ធីរីណា

រូប​ថត​៖ RIA Novosti


ចែករំលែក៖