តាមការប៉ាន់ស្មានថា មានអ្នកស្លាប់ចំនួន 60.000 នាក់កាលពីឆ្នាំមុនដោយសារតែកម្តៅខ្លាំងនៅក្នុងទ្វីបអឺរ៉ុប មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការធ្វើសកម្មភាពដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
កាលពីថ្ងៃទី១៨ ខែកក្កដា នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោក Hans Kluge បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារកម្តៅខ្លាំងកំពុងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អឺរ៉ុបខាងត្បូង និងអឺរ៉ុបខាងកើត បច្ចុប្បន្នគឺជា “តំបន់គ្រោះថ្នាក់” ពីរនៅពេលដែលរងផលប៉ះពាល់ដោយសីតុណ្ហភាពខ្ពស់ខ្លាំង។ ប្រឈមមុខនឹងស្ថានភាពនោះ លោកបានជំរុញឱ្យប្រជាពលរដ្ឋតាមដានការព្យាករណ៍អាកាសធាតុឱ្យបានទៀងទាត់ អនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយោងទៅលើប្រភពល្បីឈ្មោះ ដើម្បីកំណត់ហានិភ័យដែលបណ្តាលមកពីអាកាសធាតុចំពោះសុខភាព។
លោក Kluge ក៏បាននិយាយផងដែរថា បន្ថែមពីលើការសម្របខ្លួនទៅនឹងការពិតថ្មីនៅរដូវក្តៅនេះ ចាំបាច់ត្រូវមើលទៅអនាគតបន្ថែមទៀត។ អ្វីដែលបន្ទាន់ ប៉ុន្តែពិបាកមើលឃើញឬធ្វើបានគឺសកម្មភាពសកលដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលបង្កការគំរាមកំហែងដល់មនុស្សជាតិ។
មន្ត្រីអង្គការសុខភាពពិភពលោកបាននិយាយថា វានឹងចំណាយពេលយូរដើម្បីអនុវត្តសេចក្តីប្រកាសទីក្រុង Budapest ឆ្ពោះទៅរកការដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដែលការប្រែប្រួលអាកាសធាតុមានលើប្រព័ន្ធសុខាភិបាល និងសុខភាពរបស់មនុស្ស។ សេចក្តីថ្លែងការណ៍ទីក្រុង Budapest ផ្តល់អាទិភាពដល់សកម្មភាពបន្ទាន់ជាទ្រង់ទ្រាយធំនៅអឺរ៉ុប ដើម្បីការពារហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន។
សម្រាប់ទ្វីបអឺរ៉ុប WMO បាននិយាយថា រលកកម្តៅនៅអឌ្ឍគោលខាងជើងនឹងកាន់តែខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដែលបង្កើនហានិភ័យនៃផលប៉ះពាល់ដល់សុខភាព។ នៅក្នុងប្រទេសអុីតាលី សីតុណ្ហភាពនៅលើកោះ Sardinia អាចលើសពី 47 អង្សាសេ។ វាត្រូវបានគេព្យាករថា ទីក្រុងមួយចំនួនផ្សេងទៀតនៃប្រទេសនេះអាចជួបប្រទះនឹងកម្តៅខ្ពស់ជាង 40 អង្សាសេ។ សូម្បីតែនៅក្នុងតំបន់ Lazio រួមទាំងរដ្ឋធានី Rome ដែរ សីតុណ្ហភាពត្រូវបានព្យាករឡើងដល់៤២-៤៣អង្សាសេ
រលកកម្តៅរហូតដល់ 53 អង្សាសេនៅក្នុងជ្រលងមរណៈរដ្ឋកាលីហ្វ័រនីញ៉ា និងលើសពី 52 អង្សាសេនៅភាគពាយព្យនៃប្រទេសចិន កំពុងកើតឡើងស្របពេលជាមួយនឹងភ្លើងឆេះព្រៃពីប្រទេសក្រិកទៅកាន់ភ្នំអាល់នៃប្រទេសស្វីស ក៏ដូចជាទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌា និងកូរ៉េខាងត្បូង៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN-VNA