ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនក្រោយពួកគេបានធ្វើសកម្មភាពផ្លោះរបងចូលផ្ទះវីឡាទុកចោលមួយកន្លែងលួចយកទ្រព្យសម្បត្តិកាលពីវេលាម៉ោងជិត១១យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្ទះវីឡាទុកចោលមួយកន្លែងតាមបណ្ដោយផ្លូវ ៥៩៨ ក្បែរបុរីប៉េង ហួត ដែលស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1P-9341សណ្ដោងរុឺម៉ក បានមកឈប់នៅមុខផ្ទះកើតហេតុខាងលើ រួចក៏បាននាំគ្នាផ្លោះរបងចូលទៅក្នុងផ្ទះលួចយកម៉ាស៊ីនបោកអ៊ុតនិងសម្ភារផ្សេងទៀតបានសម្រេចដោយនាំគ្នាយកមកដាក់មាត់ទ្វារចេញចូល បម្រុងយកចេញមកក្រៅលើកដាក់លើរុឺម៉ក ខណៈនោះស្រាប់តែមានបុរសម្នាក់ដែលយាមនៅក្បែរកន្លែងកើតហេតុនិងជួយមើលការខុសត្រូវផ្ទះខាងលើដែលម្ចាស់ផ្ទះបានផ្ដាំផ្ញើឱ្យជួយមើលបានឃើញក៏រាយការណ៍ទៅអាជ្ញាធរភូមិចុះមកឃាត់បានជនសង្ស័យទាំងពីរនាក់ភ្លាមៗនៅនឹងកន្លែងហេតុ ហើយស្របពេលនោះជនសង្ស័យក៏បានប្រាប់ថាសុំចូលទៅផ្ទះកើតហេតុខាងលើដើម្បីយកសម្ភារទៀត រួចហើយផ្លោះរបងចូលទៅបាត់តែម្តង។ភ្លាមនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋព្រោះមិនឃើញជនសង្ស័យចេញមកវិញ ដោយបន្សល់ទុកម៉ូតូសណ្តោងរុឺមកនៅមុខផ្ទះកើតហេតុ។ បន្ទាប់មកអាជ្ញាធរភូមិក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកវរសេនីយ៍ទោគួច សុភា អធិការរងនគរបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងនគរបាលខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចុះមកដល់កន្លែងកើតហេតុខាងលើ នឹងបានធ្វើការឡោមព័ទ្ធដើម្បីចាប់ជនសង្ស័យ។ បន្ទាប់ពីសមត្ថកិច្ចឡោមព័ទ្ធនៅទីតាំងកើតហេតុខាងលើយូរទៅៗមិនឃើញជនសង្ស័យ អាជ្ញាធរភូមិបានទាក់ទងទៅម្ចាស់ផ្ទះដើម្បីសុំចូលទៅឆែកឆេរដើម្បីរកជនសង្ស័យ។ ក្រោយពីម្ចាស់ផ្ទះបានអនុញ្ញាតរួចមក កម្លាំងសមត្ថកិច្ចក៏បានចូលទៅខាងក្នុងដើម្បីឆែកឆេរអស់រយៈពេលជាងមួយម៉ោងនៅតែរកជនសង្ស័យមិនឃើញ។ ខណៈនោះស្រាប់តែកម្លាំងសមត្ថកិច្ចម្នាក់បានឃើញមុខសញ្ញាជនសង្ស័យជិះម៉ូតូកង់បីមួយគ្រឿង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានជិះម៉ូតូដេញតាមពីក្រោយរហូតមកដល់ផ្លូវលេខ៥៩៨ កែងនឹងផ្លូវលេខ៥៩២ ក៏បានស្ទាក់និងចាប់បានជនសង្ស័យម្នាក់ ចំណែកបក្សពួកម្នាក់ទៀតបានលោតពីលើម៉ូតូកង់បីរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតែតាមចាប់។
បច្ចុប្បន្នជនសង្ស័យម្នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ