ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃស្អែក​នេះ! ការិយាល័យបោះឆ្នោតនៅខេត្តកណ្តាល ត្រូវបានរៀបចំរួចរាល់រង់ចាំពលរដ្ឋបោះឆ្នោតឱ្យបានគ្រប់គ្នា

ចែករំលែក៖

ខេត្តកណ្ដាល ៖ ការិយាល័យបោះឆ្នោត នៅក្នុងខេត្តកណ្ដាល មកដល់ពេលនេះ គឺត្រូវបានរៀបចំរួចរាល់អស់ហើយ នៅតាមសាលារៀន និងតាមវត្តអារាមមួយចំនួនទៀត សម្រាប់ពលរដ្ឋធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣ស្អែក​នេះ។ 

បើតាមការបញ្ជាក់ពីប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល លោក ស្វាយ សិទ្ធី បានឱ្យដឹងថា ចាប់តាំងពីព្រឹកថ្ងៃនេះ ​គឺគ្រប់មន្ត្រីការិយាល័យបោះឆ្នោតទាំងអស់ បាន​យកសម្ភារៈមួយចំនួន ​ពីស្នាក់ការគណៈកម្មការ ទៅដំឡើងរៀបចំនៅក្នុងបន្ទប់ការិយាល័យ​បោះឆ្នោតរបស់ខ្លួន ​លើកលែងសម្ភារៈបីមុខ ដូចជា ទឹកខ្មៅ ​សន្លឹកឆ្នោត និងត្រា គឺនៅមិនទាន់​ប្រគល់​ទៅតាមការិយាល័យ ​បោះឆ្នោតនោះទេ ​និងមានក្រុមសមត្ថកិច្ចការពារតឹងរឹង ។

ទន្ទឹមនឹងការិយាល័យបោះឆ្នោត ​កំពុងត្រូវបានរៀបចំនោះ ​ក៏មានពលរដ្ឋទៅមើលឈ្មោះ មើលទី តាំងបោះឆ្នោតរបស់ខ្លួនផងដែរ ។ ពលរដ្ឋបានថ្លែងថា ​ឆ្លងកាត់ការបោះឆ្នោតច្រើនលើក​ច្រើន​សារមក គឺយើងទាំងអស់គ្នាមិនមានពិបាកស្វែងរកបន្ទប់ការិយាល័យបោះឆ្នោតនោះទេ។

សូមជម្រាបថា​ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានឱ្យដឹងដែរថា ​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាថ្ងៃអាទិត្យ ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប រៀបចំទីតាំងការិយាល័យបោះឆ្នោត ​ប្រមាណជាង ២ម៉ឺនការិយាល័យ នៅទូទាំង​ប្រទេស និងមានមន្ត្រីគ.ជ.ប បម្រើការនៅតាមការិយាល័យបោះឆ្នោត ​ប្រមាណជាង ១៤ម៉ឺននាក់ ចាំទទួលពលរដ្ឋប្រមាណ៩លាន៧សែននាក់ អញ្ជើញចូលរួមបោះឆ្នោត៕

ដោយ​៖សហការី​


ចែករំលែក៖