ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តសៀមរាបសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញបានចុះស្រាវជ្រាវឃាត់ខ្លួនជនជាតិបរទេសម្នាក់នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈដែលជនសង្ស័យរូបនេះបម្រុងហោះចាកចេញពីកម្ពុជា ក្រោយពាក់ព័ន្ធករណីវាយបំផ្លាញម៉ាស៉ីនទូATM របស់ធនាគារវឌ្ឍនៈ នៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ MULDOON IAN ជាជនជាតិអូស្ដ្រាលី។
យោងតាមពាក្យបណ្ដឹងរបស់អ្នកឧកញ៉ា ឈុន លាង បានបញ្ជាក់ថា ជនជាតិអូស្ដ្រាលីរូបនេះបានធ្វើសកម្មភាពវាយបំផ្លាញម៉ាស៉ីនទូ ATM របស់ធនាគារវឌ្ឍនៈ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចស្មាលមីនីម៉ាតស្ថិតក្នុងភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖សហការី