ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ ៥ និង២នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅភាគខាងកើតប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា មានមនុស្ស ៥នាក់ បានស្លាប់ និង២នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យទឹកទន្លេហក់ឡើងជន់លិចភូមិមួយស្ថិតនៅក្បែរទីក្រុងហាំងចូវ (Hangzhou) នៃភាគខាងកើតប្រទេសចិន។
ប្រព័ន្ធផ្សព្វផ្សាយចិន Beijing Youth Daily បានចេញផ្សាយរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីទឹកលាយឡំជាមួយល្បាប់ភក់ គ្របដណ្ដប់តាមដងផ្លូវក្នុងភូមិមួយនៃទីក្រុង ដាយ័ន (Dayuan) និងជន់លិចរថយន្ដ ព្រមទាំងផ្ទះប្រជាជនផងដែរ។ ចិនតែងតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដា ប៉ុន្តែអាកាសធាតុកាន់តែអាក្រក់និងពិបាកក្នុងការព្យាករនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
បើតាមអាជ្ញាធរចិន ទឹកជំនន់ក៏បានជន់លិចផ្នែកមួយចំនួននៃភាគឦសានប្រទេសចិនកាលពីថ្ងៃសៅរ៍ផងដែរ ដោយបង្កការខូចខាតដល់ផ្ទះរាប់សិបខ្នងនិងបំផ្លាញដំណាំដាំដុះនៅក្នុងតំបន់។ ចំណែក មនុស្សជាង ៥,៦០០នាក់ ត្រូវបានអាជ្ញាធរក្នុងខេត្តលេវនីង (Liaoning) បង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព ក្រោយទីក្រុងជាច្រើនទទួលកម្រិតទឹកភ្លៀងដល់ទៅជាង ១០០មិលី្លម៉ែត្រ ហើយគ្រាន់តែស្រុកមួយក្នុងទីក្រុង ដាលៀន (Dalian) នៃខេត្ត Liaoning ទទួលកម្រិតទឹកភ្លៀងដល់ទៅ ៩៣មិលី្លម៉ែត្រត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងបន្តវាយប្រហារនៅទូទាំងប្រទេសចិននៅថ្ងៃអាទិត្យនេះ ខណៈដែលព្យុះភ្លៀងនិងខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថានឹងកើតឡើងនៅផ្នែកមួយចំនួននៃខេត្តជាំងស៊ី (Jiangxi) និងខេត្តហ្វូជៀន (Fujian)៕ ដោយ៖ ធីរីណា

រូប​ថត​៖ CLO


ចែករំលែក៖