ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ បានប្រព្រឹត្តទៅដោយមានការចូលរួមសង្កេតមើល ពីអ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអន្តរជាតិជាង៦០០នាក់ , យុត្តិធម៌ តម្លាភាព ។
សេចក្តីប្រកាសព័ត៌មាន ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយមានការចូលរួមសង្កេតមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប
សេចក្តីប្រកាសព័ត៌មាន ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយមានការចូលរួមសង្កេតមើលពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុវត្តការងាររៀបចំការបោះឆ្នោត អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត រួមនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន និងបានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដានសង្កេតមើល ដំណើរការបោះឆ្នោត យ៉ាងទូលំទូលាយ។ ក្នុងនោះ គ.ជ.ប បានទទួលស្គាល់ និងផ្តល់បណ្ណសម្គាល់ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ជាច្រើនរូប រួមមាន៖
អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូប ស្ត្រីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល
អ្នកសង្កេតការណ៍អន្តរជាតិ មានចំនួនសរុប ៦០៤ រូប មកពី ៦១ ស្ថាប័ន ក្នុងនោះរួមមាន៖
ប្រតិភូអន្តរជាតិដែលអញ្ជើញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ ចំនួន ២៦៨ រូប មកពី ២៦ ស្ថាប័ន
ប្រតិភូអន្តរជាតិដែលអញ្ជើញដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន ៦៥ រូប មកពី ១២ ស្ថាប័ន
ប្រតិភូអន្តរជាតិដែលអញ្ជើញដោយ គ.ជ.ប ចំនួន ២៤ រូប អ្នកសង្កេតការណ៍អន្តរជាតិ ដែលស្នើសុំដោយផ្ទាល់មក គ.ជ.ប ចំនួន ៤៧ រូប
ភ្ញៀវពិសេស ចំនួន ១៨ រូប (អញ្ជើញដោយ គ.ជ.ប ចំនួន ១១ រូប និងស្នើសុំ ដោយផ្ទាល់មក គ.ជ.ប ចំនួន ៧ រូប)
អ្នកបកប្រែសម្រាប់អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ១៨២ (តារាងលម្អិត៖ www.nec.gov.kh/khmer/content/7207)
សូមបញ្ជាក់ជូនថា ក្រៅពីអ្នកសង្កេតការណ៍បោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយនិង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោតផងដែរ ៕
ដោយ : សិលា