ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ទាញដំបងឈើវាយលោកតាម្នាក់ស្លាប់ដោយខឹងសុំផ្លែឱឡឹកមិនឱ្យហូប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលសុំផ្លែឪឡឹករបស់លោកតាហូបមិនឱ្យក៏យកដំបងវាយទៅលើលោកតាវ័យ៨១ឆ្នាំបណ្តាលឱ្យស្លាប់នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក  ។

លោក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ព្រឿង ព្រឿយ ភេទប្រុស អាយុ៨១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ។ ចំណែកជនសង្ស័យ ឈ្មោះសូ ឡិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក  ។

លោកអធិការបានបន្តថា៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅផ្ទះជនរងគ្រោះ ហើយបានឃើញផ្លែឪឡឹក មួយចំហៀងក៏សុំជនរងគ្រោះហូប តែជនរងគ្រោះមិនឲ្យដោយប្រាប់ថាទុកឱ្យចៅគាត់ហូប។ ស្របពេលនោះជនសង្ស័យខឹងក៏ទាញដំបងឈើវាយទៅលើជនរងគ្រោះត្រូវចំឆ្អឹងជំនីរខាងឆ្វេងមួយកន្លែងនិងកែងដៃស្តាំមួយកន្លែង បណ្តាលឱ្យស្លាប់តែម្តង ។

លោកវរសេនីយ៍ឯក ជា  ស្លូញ បានបញ្ជាក់ថា៖ ក្រោយកើតហេតុ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកកើត សុវណ្ណារេត ព្រះរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាមនៃអធិការដ្ឋាននគរបាលស្រុកចាប់ឃាត់ខ្លួន បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត អនុវត្តនីតិវិធីបន្ត ៕

ដោយ ៖ វណ្ណា


ចែករំលែក៖