ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ០១គ្រាប់ រាយការណ៍ជូនសមត្ថកិច្ចនៅស្រុកមោងឫស្សី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
តាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដានេះថា៖ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឈាង ម៉ាប់ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅដីដំបូកពីខាងជេីងផ្ទះរបស់ខ្លួនចំងាយ២០០ម៉ែត្រ ហើយបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទ A80 ចំនួន ០១គ្រាប់ សមត្ថកិច្ចបានចងខ្សែហ៊ុំព័ន្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកមោងឫស្សី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឬ អាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕
ដោយ៖ អរុណរះ