ខេត្តបាត់ដំបង៖ មន្រ្តីនគរបាលស្រុកកំរៀង បានឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ យុវជនប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ម្នាក់ ត្រូវបានអាណាព្យាបាលដាក់ពាក្យប្តឹងឱ្យជួយឃាត់ខ្លួនកូនរបស់គាត់ បញ្ជូនទៅដាក់នៅមណ្ឌលកែប្រែ បន្ទាប់ពីកូនគាត់ប្រេីប្រាស់គ្រឿងញៀន លែងស្គាល់បងប្អូនសាច់ញាតិទៅហេីយ។
មន្ត្រីដដែលបន្តថា កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀង កាលពីម្សិលមិញនេះ បានចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
យុវជនញៀនថ្នាំរូបនេះមានឈ្មោះ ចាន់ វ៉ាន់ណយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ករណីនេះ កម្លាំងនគរបាលស្រុកកំរៀង បានកសាងសំណុំរឿង បញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕
ដោយ៖ អរុណរះ