ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការយកកម្រៃ លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.លសអទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមសហការអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សហការី