ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងទាក់ដៃចង្កូតគ្នាដួលខ្ទាតទៅបុកពីមុខរថយន្តឃ្លុប របួសធ្ងន់ធ្ងរម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តគ្លីនិកឯកជនសម្ភពសែនមានជ័យដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ​ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងទៅប៉ះដៃចង្កូតជាមួយម៉ូតូផ្សេងទៀត រួចរេទៅបុកចូលពីមុខរថយន្តកូរ៉េប្រភេទឃ្លុបដែលកំពុងបើកច្រាសទិសគ្នា។ 

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាក្តីខ្មែរក្រហម ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GO-7817 តាមបណ្តោយផ្លូវជាតិលេខ៤ដោយប្រើល្បឿនលឿនក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបើកវ៉ាជែងយានយន្តផ្សេងៗស្របទិសគ្នា ហើយគាប់ជួនប៉ះដៃចង្កូតជាមួយម៉ូតូផ្សេង ក៏រេចង្កូតទៅបុកចូលពីមុខរថយន្តកូរ៉េឃ្លុប ម៉ាកKIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-9384 ដែលកំពុងបើកបរនៅគន្លងផ្លូវម្ខាងទៀតពីលិចទៅកើតបញ្ច្រាសទិសគ្នា បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូរួញខ្ទេចមួយកំណាត់មុខ ដោយឡែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ជនរងគ្រោះក្រោយកើតហេតុត្រូវបានរថយន្តគ្លីនិកឯកជន សែនមានជ័យ ដែលល្បីថាក្រសួងសុខាភិបាលចាប់មិនចេះរាងចាលនោះបានដឹកយកទៅ តែដោយសារសភាពធ្ងន់ធ្ងរ ម្យ៉ាងគ្មានលុយ គ្មានទ្រព្យជាប់ខ្លួន ទើបដឹកយកទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើចំពោះរថយន្តនិងម៉ូតូត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការដ្ឋានរាជធានីភ្នំពេញធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖