ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅរសៀលនេះ គិតពីឧត្តមភាពជាតិជាធំ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍

ចែករំលែក៖

ភ្នំពេញ ៖ ប្រសាសន៍ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ តាមទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តដោយ មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ 

១-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា។ 

២-សម្តេចតេជោ ហ៊ុន សែន នឹងលាលែងពី តំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខណៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អាច នឹងត្រូវតែងតាំងជានាយករដ្ឋមន្ដ្រី នៅថ្ងៃទី៧ ខែសីហា។

៣-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា  : ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀត។

៤-សម្តេចតេជោអំពាវនាវឱ្យរដ្ឋមន្ត្រីផ្សេងៗត្រូវ ធ្វើការលះបង់តួនាទី ដើម្បីផ្ដល់សិទ្ធិដល់យុវជនជំនាន់ក្រោយដឹកនាំប្រទេសបន្ត ។ 

៥-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ 

៦-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ​ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ ​បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

៧-សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។

៨-សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែសីហា។

៩-សម្ដេចតេជោ ហ៊ុនសែន បានបន្ថែមថា , ទោះបីសម្ដេចមិនកាន់ការជានាយករដ្ឋមន្ត្រីក្ដីតែជីវិតនយោបាយរបស់សម្ដេចនៅតែបន្តតាមរយៈការធ្វើជាសមាជិករដ្ឋសភា និងប្រធានព្រឹទ្ធសភានាឆ្នាំ២០២៤។

១០-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

១១- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន ក៏នឹងត្រូវត្រាស់បង្គាប់តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។

១២- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

១៣- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រៀតជ្រែកការងាររបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖