ព័ត៌មានទាន់ហេតុការណ៍៖

ខឹង​រឿង​ខ្ចី​វត្ថុ​ស័ក្តិសិទ្ធិយកទៅរកស៉ី​ ពេលរកស៉ីមានបានភ្លេចពាក្យសន្យា​តាមទៅគប់​កញ្ចក់​រថយន្ត​ដល់ផ្ទះ

ចែករំលែក៖

    ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ ស័ក្តិសិទ្ធិណាស់រឿងមួយនេះ ព្រោះតែមិនគោរពតាមពាក្យសន្យាទីបំផុតត្រូវទទួលផលបែបនេះមែន?​ ខណៈ​ដែលបុរសម្នាក់ខឹងបុរសម្នាក់ទៀតរឿង​ខ្ចី​វត្ថុ​ស័ក្តិសិទ្ធិយកទៅរកស៉ី​ ពេលរកស៉ីមានបានភ្លេចពាក្យសន្យា​ក៏តាមទៅគប់​កញ្ចក់​រថយន្ត​ដល់ផ្ទះ។ 

    ប្រភពដដែលបន្តថា​ កាលពីថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២​០២​៣ នៅក្រុមទី៩ ភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយឈ្មោះ ណាម សុផល ហៅ ង៉ោល ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បានធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើរថយន្តមួយគ្រឿង ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ កំពង់​ស្ពឺ 3A-0777 ជារបស់ជនរងគ្រោះឈ្មោះ ងួន ណាត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានដូចគ្នា ដែលកំពុងទុកនៅក្រោមរោងជាប់មុខផ្ទះ បណ្តាលឱ្យបែកកញ្ចក់ទ្វាររថយន្តទាំងសងខាង ។

    ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលមូលដ្ឋាន ហើយពេលទទួល​ពាក្យបណ្តឹងហើយ លោកវរសេនីយ៍ទោ សំ វីរះ​ អធិការនគរបាលស្រុកបាណន់បានរាយការណ៍ស្នើសុំយោ​បល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនាវេលារសៀលថ្ងៃទី ២៥ខែកក្កដាឆ្នាំ២០២៣។

    លោកវរសេនីយ៍ទោ សំ វីរះ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនធ្វើសកម្មភាពយកដុំថ្មគប់បំផ្លាញទៅលើកញ្ចក់រថយន្តរបស់ជនរងគ្រោះខាងលើគឺកាលពីអំឡុង០៤ឆ្នាំមុន រូបគេមានវត្ថុស័ក្តិសិទ្ធិមួយ(ជាខ្នាយតាន់) ដែលខ្លួនគ្រប់គ្រងរក្សាជាយូរមក​ហើយ ហេីយនៅអំឡុងពេលនោះបុរសរូបនេះ(ជនរងគ្រោះ) បានសុំយកវត្ថុនោះពីរូបគេមកធ្វើជាកម្មសិទ្ធិ និងបានភ្ជាប់ជាមួយការសន្យាថា បើរូបគាត់យកវត្ថុនេះទៅគ្រប់គ្រងហើយរកស៊ីទទួលទានមាន​បាន​ដូចសេចក្តីប្រាថ្នាមែននោះ គេ​នឹងទិញម៉ូតូថ្មីមួយគ្រឿងឱ្យមកខ្លួន(ជនសង័្សយ)ដែលជាម្ចាស់ដើមនៃ​វត្ថុស័ក្តិសិទ្ធិនេះ ។ ក្រោយពេលសន្យានិងទទួលយក​វត្ថុស័ក្តិសិទ្ធិទៅរក្សាទុកហើយ និងពេលជាបន្តបន្ទាប់ការរកស៊ីរបស់បុរសនោះ ឃើញថាមានបានដូចការប៉ងប្រាថ្នានោះមែន តែមិនបានឃើញទិញម៉ូតូថ្មីឱ្យ​មកខ្លួនដូចការសន្យានោះទេ រហូដល់ឆ្នាំទី៤ ទើបជន​សង័្សយធ្វើសកម្មភាពបែបនេះឡើងតែម្តងនៅថ្ងៃ​កើតហេតុ ដើម្បីដោះស្រាយបញ្ចាប់ការ(សន្យាខ្យល់)របស់បុរសជាម្ចាស់រថយន្ត ។ 

   សមត្ថកិច្ច​បានបញ្ជាក់ថា​ ទោះជាបែបនេះក្តីដោយក៏ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួនជាមួយនឹងដុំថ្មមួយដុំជាមធ្យោបាយធ្វើសកម្មភាពដើម្បីបញ្ជូនទៅការិយាល័យជំនាញអនុវត្តទោសទៅតាមច្បាប់៕

ដោយ៖ សហការី


ចែករំលែក៖