ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅក្នុងអាណត្តិថ្មីនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមរយៈសារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ 

សម្តេចតេជោ ថ្លែង​ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បន្តថា ក្រុមណាក៏ដោយ ដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវតែកម្ចាត់ចោល មិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។

សម្តេចតេជោ ថ្លែង​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជាការបោះឆ្នោតបំបែកឯតទគ្គកម្ម​ ដែលមានអ្នកចូលរួមមកបោះឆ្នោតច្រើនជាងគេ ដែលចំនួន៨៤,៥៨ភាគរយ។

សម្តេចតេជោ បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំអស់ ដែលបានជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា និងបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប ដើម្បីដឹកនាំរាជរដ្ឋាភិបាល។

សម្តេចតេជោ ថ្លែង​ថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ។​ សម្តេចតេជោ បញ្ជាក់ថា គឺជាការចាំបាច់ខ្លាំងណាស់ក្នុងការរៀបចំ គណៈរដ្ឋមន្រ្ដីថ្មីមួយ ដែលមានថ្នាក់ដឹកនាំវ័យក្មេងជំនាន់ក្រោយ ដឹកនាំរាជរដ្ឋាភិបាល។

សម្តេចតេជោ ថ្លែង​ថា មូលហេតុដែលសម្ដេចប្រញាប់លាលែងពីតំណែងនាយករដ្ឋមន្រ្ដី គឺជាការរៀបចំទុកជាមុន ដើម្បីការរក្សាស្ថិរភាពរយៈពេលវែងរបស់ប្រទេសកម្ពុជា ហើយសន្ដិភាព ស្ថិរភាពរយៈពេលវែងនេះហើយ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា សម្ដេច ,សម្ដេច ម៉ែន សំអន និងសម្ដេច ក្រឡាហោម ស ខេង ជាដើម ក៏នឹងចាកចេញពីតួនាទីដែរ។ ប៉ុន្ដែសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនឹងនៅតែបន្តតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា សម្ដេចនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការងាររបស់នាយករដ្ឋមន្រ្ដីនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា ប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្លាយជានាយករដ្ឋមន្រ្ដីថ្មី។

សម្តេចតេជោ ថ្លែង​ថា ព្រឹកមិញនេះ ក្នុងពេលចូលគាល់ព្រះមហាក្សត្រទ្រង់ទទួលយល់ព្រមតាមការស្នើសុំរបស់គណបក្សដែលទទួលបានសំឡេងឆ្នោតច្រើនជាងគេ ក្នុងការចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។

សម្តេចតេជោ ថ្លែង​ថា សម្ដេចនឹងកាន់តួនាទីជាប្រធានព្រឹទ្ធសភា ហើយនឹងជួយដល់ព្រះមហាក្សត្រ ក្នុងពេលដែលព្រះអង្គអវត្តមានក្នុងឱកាសណាមួយ ដែលចំណុចនេះ គឺជាការរៀបចំឱ្យការដំណើរការទៅរបស់ប្រទេសកម្ពុជាជាប្រក្រតីភាព។

សម្តេចតេជោ ថ្លែង​ថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងត្រូវចុះចេញពីតំណែង និងត្រូវតែងតាំងជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។

សម្តេចតេជោ ប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមកុំមានការបារម្ភចំពោះការចាកចេញពីតំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេច។

សម្តេចតេជោ ថ្លែង​ថា សម្ដេចនឹងចាកចេញពីតំណែងនាយករដ្ឋមន្រ្ដី ចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចបានកាន់តំណែងជានាយករដ្ឋមន្រ្ដី អស់រយៈពេល ២.២១៤សប្ដាហ៍ បើគិតជាខែ៤៦៣ខែ បើគិតជាឆ្នាំ៣៨ឆ្នាំ៧ ខែ និងគិតជាថ្ងៃ ១៦.២៩៧ថ្ងៃ ដែលនេះ ជាពេលវេលាធ្វើជានាយករដ្ឋមន្រ្ដីវែងជាងគេនៅលើពិភពលោក។

សម្តេចតេជោ ថ្លែង​ថា បើសិនជាលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្ដេច ក៏សម្ដេចគាំទ្រឱ្យធ្វើជានាយករដ្ឋមន្រ្ដីដែរដោយសារ ហ៊ុន ម៉ាណែត មានលក្ខខណ្ឌគ្រប់គ្រាន់។

សម្តេចតេជោ ថ្លែង​ថា មានកត្តាធំៗចំនួន៤ ដែលត្រូវឱ្យឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តី គឺ១-មានការឯកភាពផ្ទៃក្នុងពីគណបក្ស ,២-ជាប់តំណាងរាស្ត្រ ,៣-ត្រូវតែងតាំងពីព្រះមហាក្សត្រ និងទី៤ ត្រូវឆ្លងកាត់ពីសភាជាតិ។

សម្តេចតេជោ ថ្លែង​ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បន្តថា ក្រុមណាក៏ដោយ ដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវតែកម្ចាត់ចោល មិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ៕

ដោយ​៖ ស​ តារា


ចែករំលែក៖