ភ្នំពេញ ៖ ជនសង្ស័យ០៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វេីការឃាត់ខ្លួននៅវេលាម៉ោង ០៩និង១៦នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ករណីលួច (កាត់ខ្សែភ្លើង) ដែលបង្កឡេីងកាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ។
អាវុធហត្ថខណ្ឌដង្កោ បានបញ្ចាក់ថា មុននឹងឃាត់ខ្លួនជនសង្ស័យខាងលេី គឺ កម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ណុប ថន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះលេខ១៦៥A ផ្លូវលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្តឹងពីជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបណ្តាញមេ(LV) និង នាឡិកាស្ទង់ នៅទីតាំង P-១០៥៦-F២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោមពីទទួលពាក្យបណ្តឹងរួច ដោយមានបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ កម្លាំងជំនាញបានចុះប្រត្តិបត្តការស្រាវជ្រាវកំណត់មុខសញ្ញា និង ធ្វើការចាប់ខ្លួនក្រុមជនសង្ស័យបានចំនួន០៤នាក់ នៅវេលាម៉ោង ០៩និង១៦នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ យកមកសាកសួរនៅមូលដ្ឋាន អាវុធហត្ថខណ្ឌដង្កោ ។
ជនសង្ស័យទាំង ០៤នាក់ខាងលេីមានឈ្មោះ ៖
ទី១/ឈ្មោះ ដាច់ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី២/ឈ្មោះ មាស ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទី៣/ឈ្មោះ យ៉ាន់ វណ្ណៈ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
និងទី៤/ឈ្មោះ អ៉ឹម សុខាខៃ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ឧបករណ៍សម្រាប់កាច់សោម៉ូតូចំនួន ០១ដើម , សោអក្សរTចំនួន ០២ដើម , ដង្កាប់ចំនួន ០១ដើម , ដាវចំនួន ០១ដើម , ទួណឺវ៉ីសចំនួន ០១ដើម ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ