ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោហ៊ុន សែន ៖ សម្រាប់អ្នកដែលកាន់មុខងារសាធារណៈ ពុំមានអ្វីជាចំណោទនោះទេ លើកលែងតែអ្នកទាំងនោះដល់អាយុចូលនិវត្តន៍ អាចចូលនិវត្តន៍ !

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានបញ្ជាក់ថា : សម្រេចចិត្ត ថាយើងនឹងរក្សាទុក នៅមន្ត្រីទាំងអស់ដែលបានតែងតាំងរួចហើយ ជារដ្ឋលេខាធិការ ជាអនុរដ្ឋលេខាធិការ ឬជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ អាចបន្តតទៅទៀត ។

សម្ដេចបញ្ជាក់ថា, ថ្នាក់ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ។ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ។ ថ្នាក់ដែលតែងតាំងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ។

សម្តេចបន្តថា : សម្រាប់អ្នកដែលកាន់មុខងារសាធារណៈ ពុំមានអ្វីជាចំណោទនោះទេ លើកលែងតែអ្នកទាំងនោះដល់អាយុចូលនិវត្តន៍ អាចចូលនិវត្តន៍ ។ មន្ត្រីកាន់មុខតំណែងមុខងារសាធារណៈ គឺមិនត្រូវមានការប៉ះពាល់នោះឡើយ។ ដូចជាអគ្គនាយកដ្ឋាន , អគ្គនាយករង , ប្រធាននាយកដ្ឋាន , អនុប្រធាននាយកដ្ឋាន, ប្រធានការិយាល័យ , អភិបាលខេត្ត ,អភិបាលរង អភិបាលស្រុក អភិបាលរង, ស្រុកខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ។  មេទាហានគ្រប់ជាន់ថ្នាក់ មេប៉ូលីស មេអាវុធហត្ថគ្រប់ជាន់ថ្នាក់ មិនត្រូវបានប៉ះពាល់ទេ លើកលែងតែអ្នកនោះ គឺដល់អាយុចូលនិវត្តន៍ គឺត្រូវចូលនិវត្តតាមច្បាប់ ។ ប៉ុន្តែសម្រាប់អ្នកកាន់មុខងារខាងនយោបាយ គឺមុខងារនេះ ! តែងតាំងជាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួង បងប្អូនទាំងនោះនៅតែបន្ត លើកលែងតែសាមីខ្លួនសុំលាឈប់ ដោយសារកត្តាអាយុ ឬមានជំងឺច្រើន ។ 

សម្ដេចបានថ្លែងថា, ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ត្រូវតែងតាំងត្រឡប់ទៅវិញ ហើយសម្រាប់ការតែងតាំងនេះ អ្នកកាន់មុខងារនយោបាយ គឺមានបីកម្រិត , កម្រិតតែងតាំងដោយព្រះរាជក្រឹត្យ ដែលចាប់តាំងពីអគ្គនាយក មានទីប្រឹក្សា ឬអគ្គនាយក ឡើងទៅផ្នែកខាងមុខងារនយោបាយ ហើយបើនិយាយនៅតាមក្រសួង ចាប់ពីអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការ គឺតែងតាំង ដោយព្រះរាជក្រឹត្យ ឯទីប្រឹក្សាក៏តែងតាំងដោយព្រះរាជក្រឹត្យ ដែលមានអនុរដ្ឋលេខាធិការ អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រហូតដល់ ទីប្រឹក្សាដែលមានតំណែង ជាឧបនាយករដ្ឋមន្ត្រី  ដែលមានទីប្រឹក្សា ដែលតែងតាំង ដោយអនុក្រឹត្យ គឺថ្នាក់អគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន ដែលតែងតាំងដោយអនុក្រឹត្យ ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ ។ សម្ដេចបានបន្តថា, នៅតាមក្រសួងខ្លះក៏មានការតែងតាំង ដោយអោយ អ្នកចូលនិវត្តន៍មួយចំនួន ឱ្យបន្តធ្វើការ និងមានការចាំបាច់ នៃមន្ត្រីមួយចំនួនឲ្យ ចូលធ្វើការ ។ តែងតាំងដោយសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ជាថ្នាក់អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ ។ ដូច្នេះមុខងារទាំងអស់នេះសម្ដេចបាន ពិភាក្សាយ៉ាងមាត់ចត់ ជាពិសេសជាមួយបណ្ឌិតហ៊ុនម៉ាណែត ជាមួយ ឯកឧត្តមអូនព័ន្ធមុន្នីរ័ត្ន ឯកឧត្តម កើតរិទ្ធ ដែលនៅបន្តពិភាក្សាជាមួយសម្តេច អំពីកិច្ចដំណើរការនៅពេលខាងមុខ ។ ដូច្នេះសូមបងប្អូនទាំងអស់កុំមានការព្រួយបារម្ភ អំពីចំណុចទាក់ទង រឿងនឹងមួយ តើខ្លួនត្រូវធ្វើអ្វីទៀត ! សម្ដេចបានបញ្ជាក់ថា, មានតែកិច្ចការតែមួយទេ ដែលត្រូវចាំបាច់កែទម្រង់  នោះគឺរដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ដោយសារកន្លងទៅនេះ មានការតែងតាំងរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី គឺ មួយចំនួនជារដ្ឋលេខាធិការ មួយចំនួនជាអ្នកធ្វើការផ្ទាល់ជាមួយ នាយករដ្ឋមន្ត្រី, ដូច្នេះយើងទុកឲ្យ ម្នាក់ៗធ្វើការជ្រើសរើស ជារដ្ឋលេខាធិការ ឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យយកតែមួយទេ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖