ខេត្តត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែកក្កដាឆ្នាំ២០២៣ បានអញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែងចំនួន៧០វត្ត។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដែលជាពុទ្ធសាសនឹករូបបត្ថម្ភក៍ តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅតាមទីអារាម នានាជារៀងរាល់ឆ្នាំ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន បានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេននិងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនជាតិគ្រប់រូប សូមទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទំាងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សហការី