ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកបវេលឃាត់ខ្លួនមុខសញ្ញាលួចក្នុងលំនៅដ្ឋានម្នាក់ដែលឆ្លងពីខេត្តបន្ទាយមានជ័យមកធ្វេីសកម្មភាពនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃសៅរ៍​១២កេីតខែទុតិយាសាឍឆ្នាំ ថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែ កក្កដា ឆ្នាំ២០២៣ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តម សេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ លោកវរសេនី​យ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបវេល​ បានដឹកនាំឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីបទល្មេីសជាក់ស្តែង​ នៃអំពេី(ឆ្កឹះបង្អួចផ្ទះលួចយកប្រាក់ និងនាឡិកាដៃ) របស់អ្នកដទៃ​នៅចំ​ណុចក្រុមទី០៧ ភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

ករណីនេះបង្កឡើងដោយជនសង្ស័យមានឈ្មោះ សាលី សារ៉ុម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបួរ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកធ្វើស​កម្មភាពយកទូណឺវ៉ិសឆ្កឹះបង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ គុណ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិមានប្រាក់ចំនួន៧ ៣០០រៀល (ប្រាំ​ពីរ​ពាន់បីរយរៀល) និងនាឡិកាដៃចំ​នួន០១គ្រឿង ។

មន្ត្រីនគរបាលស្រុកបវេលឱ្យដឹងថា វេលារំលងអាធ្រាត្រម៉ោង២និង៣៨នាទីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៣​ ឈានចូលថ្ងៃទី២៩ខែ​កក្កដាឆ្នាំ២០២៣ទៅហេីយនោះ​ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានដើរចេញមកក្រៅ ក៏ត្រូវជួបជាមួយកម្លាំងសមត្ថកិច្ចនគរបាលដែលកំពុងល្បាត​ ក៏កាក់ឃាត់ដំណេីរសាកសួរ​ ទេីបដឹងរឿងហេតុហេីយ​ក៏​ចាប់ឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបវេលតែម្តង ។ 

មន្ត្រីនគរបាលបានឲ្យដឹងថា -សម្ភារៈដកហូតរួមមាន៖

– ប្រាក់រៀលចំនួន៧ ៣០០(លួចបាន)

-នាឡិកាដៃចំនួន១គ្រឿង(លួចបាន)

– នាឡិកាដៃ០១គ្រឿង(របសជនសង្ស័យ)

– ដង្កាប់ដែក០១(របស់ជនសង្ស័យ)

– ទូណឺវ៉ិស ០១(របស់ជនសង្ស័យ)

– ខ្សែកលោហធាតុ១ខ្សែ(របស់ជនសង្ស័យ)

– ខ្សែដៃគ្រាប់អង្កាំ០១ខ្សែ (របស់ជនសង្ស័យ)

– ចិញ្ចៀនលោហធាតុ១វង់(របស់ជនសង្ស័យ)

-ម៉ូតូ១គ្រឿង (របស់ជនសង្ស័យ)

បច្ចុប្បន្ននគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំ រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖