ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋស្រុកតាលោសែនជ័យ បានឲ្យដឹងនាល្ងាចថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះថា មានបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយផ្ងារពោះសណ្ដូកជើងត្រង់ក្នុងទឹកស្រែយ៉ាងអាណោចអាធ័ម ដែលជាបឋមគេសង្ស័យជាករណីឃាតកម្ម ។
ប្រភពព័ត៌មានពីអ្នកស្រុកតាលោសែនជ័យឲ្យដឹងទៀតថា ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើង ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យន យឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ សពត្រូវបានសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សពមានស្លាកស្នាមខ្លោចដៃម្ខាង អាចស្លាប់ដោយសារឆ្លងចរន្តឧបករណ៍ឆក់ត្រី ខណៈនៅជាប់ខ្លួនសពមានឧបករណ៍ឆក់ត្រីមួយកំប្លេ រួមទាំងទ្រុងដាក់ត្រីផងនោះ សពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន