ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ប្រល័យជីវិតបុរសម្នាក់​ ខណៈ​មនុស្ស​២នាក់ទៀតរងរបួសធ្ងន់​ នៅស្រុកឆ្លូង

ចែករំលែក៖

ខេត្តក្រចេះ ៖​ បាតុភូតរន្ទះបាញ់​ បានសម្លាប់បុរសម្នាក់​ និងមនុស្សចំនួន​២នាក់ទៀត​រងរបួសធ្ងន់​ ខណៈពួកគេកំពុងនាំគ្នាជ្រកភ្លៀងនៅក្នុងខ្ទមស្រែមួយកន្លែង។

ហេតុការណ៍រន្ទះបាញ់​ បាញ់សម្លាប់មនុស្ស​ និងរងរបួសខាងលេីនេះ​ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៣​ ស្ថិតនៅ​ត្រង់ចំណុចខ្ទមស្រែគីឡូ៦​ ភូមិឈើទាលភ្លោះលើ​ ឃុំកញ្ជរ​ ស្រុកឆ្លូង​ ខេត្តក្រចេះ។

តាមការបញ្ជាក់ពី​មន្រ្តី​នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកញ្ជរ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី៣០​ ខែកក្កដា​នេះថា៖​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះលើ​ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ចំណែក​ជនរងគ្រោះពីរនាក់ទៀតទី១.ឈ្មោះ អៀង បូរិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ (រងរបួស​ធ្ងន់​)។​ និងទី២.ឈ្មោះភួង ចន្ទ័មុនី​ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកញ្ជរឃុំកញ្ជរ ស្រុកឆ្លូងខេត្តក្រចេះ (រងរបួស​ធ្ងន់​)។

មន្រ្តី​ដដែល​ បានឱ្យដឹងទៀតថា​ មុនកើតហេតុនៅ​វេលាម៉ោង​៥​ និង៣០នាទី​ល្ងាចថ្ងៃទី២៩​ ខែកក្កដាម្សិលមិញ​នេះ ជនរងគ្រោះទាំង៣នាក់​ បានទៅឃ្វាលគោនៅឯវាលស្រែ​ ហើយមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំខ្យល់ផ្គររន្ទះផងនោះ។​ ខណៈជនរងគ្រោះទាំង៣នាក់​ បានចូលជ្រកក្នុងខ្ទមស្រែ​ បានមួយសន្ទុះក៏ស្រាប់តែរន្ទះបាញ់ផាំង​ បង្កឱ្យមនុស្សម្នាក់បានស្លាប់ភ្លាមនិង២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

សូមជម្រាបជូនថា​ ទាក់ទិនករណីនេះដែរកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង​ រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលកញ្ជរ​ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ​ និងបានពិនិត្យសាកសពរួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។

ចំណែកអ្នករងរបួសទាំង២នាក់ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកឆ្លូងផងដែរ៕

ដោយ៖ ជីវ័ន្ត

 


ចែករំលែក៖