ខ្សែប្រយុទ្ធ Sadio Mane កំពុងស្ថិតក្នុងការពិភាក្សាលើការផ្ទេរដ៏មានសក្តានុពលពី Bayern Munich ទៅក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត។ នេះបើយោងតាមក្រុមម្ចាស់ជើងឯកអាឡឺម៉ង់មួយនេះបានបញ្ជាក់កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៣។
ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់វ័យ៣១ឆ្នាំរូបនេះ បានទទួលសំណើមួយដើម្បីចូលរួមជាមួយក្រុម Al-Nassr របស់ Saudi Pro League។Mane បានធ្វើដំណើរក្នុងកម្មវិធីប្រកួតដំណើរទេសចរណ៍មុនរដូវកាលរបស់ Bayern នៅអាស៊ី ប៉ុន្តែត្រូវបានចាកចេញពីការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍ជាមួយក្រុម Kawasaki Frontale ក្នុងទីក្រុងតូក្យូ។
ក្លិប Bayern Munich បានប្រកាសថា “Sadio Mane កំពុងស្ថិតក្នុងការពិភាក្សាលើកិច្ចសន្យាមុនការផ្ទេរដែលអាចធ្វើទៅបាន ហើយដូច្នេះមិនមែននៅក្នុងក្រុមថ្ងៃនេះទេ”។
Mane ទើបតែបានចូលរួមជាមួយ Bayern Munich កាលពីរដូវក្តៅមុន ដោយបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំបន្ទាប់ពីផ្ទេរពី Liverpool ក្នុងតម្លៃ៣៥លានផោន។ គាត់ស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ដង ខណៈដែល Bayern Munich បានឈ្នះជើងឯក Bundesliga លើកទី ១១ជាប់ៗគ្នា។
គាត់បានធ្លាក់ចេញពីជម្រើស១១នាក់ដំបូងពីការពេញចិត្តរបស់គ្រូបង្វិកក្នុងរដូវកាលដ៏លំបាកមួយ ដែលត្រូវបានគេរាយការណ៍ថា មានជម្លោះជាមួយមិត្តរួមក្រុម Leroy Sane បន្ទាប់ពីបរាជ័យក្នុងក្របខ័ណ្ឌ Champions League ដោយ Manchester City កាលពីខែមេសា ដែល Mane ត្រូវបានទម្លាក់ចេញពីក្រុមក៏ដូចជាការពិន័យផងដែរ។
ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Cristiano Ronaldo ក្នុងខែធ្នូ ហើយបានតាមដាននៅរដូវក្តៅនេះដោយចុះហត្ថលេខាលើខ្សែបម្រើក្រូអាត Marcelo Brozovic, ខ្សែការពារប្រេស៊ីល Alex Telles និងខ្សែបម្រើសញ្ជាតិកូតឌីវ័រ Seko Fofana។ បច្ចុប្បន្នក្លិបក៏កំពុងចរចាជាមួយខ្សែប្រយុទ្ធខាងលើដើម្បីមកជួយក្រុមក្នុងការប្រជែងនៅពានរង្វាន់លីកកំពូលអារ៉ាប៊ីសាអ៊ូឌីតនៅរដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)